ខេត្តកណ្តាលៈ បុរសម្នាក់កើតក្តីខឹងសម្បាទៅលើស្ត្រីជាប្រពន្ធមិនព្រមបើកទ្វារបន្ទប់ឲ្យចូលដេកជាមួយ ក៏បានយកអង្រែបុកគ្រឿងវាយទម្លុះទ្វាចូលទៅក្នុងបន្ទប់យកបំណែកទ្វាដែលបែកនោះវាយសំពោងទៅលើស្ត្រីជាប្រពន្ធរហូតរងរបួសយ៉ាងធ្ងន់ កាលពីវេលាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ សំ ម៉ៅ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជុំគ្នាជាមួយប្រពន្ធនិងកូន៣នាក់ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់/ក្រុងតាខ្មៅ ។ ចំណែកឯជនរងគ្រោះជាប្រពន្ធមានឈ្មោះ គឹម មុំ អាយុ៣៤ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាល្ងាច់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅចូលរួមផឹកស៊ីជាមួយមិត្តភ័ក្រ បន្ទាប់ពីផឹកស្រាបៀរស្រវឹងស្រឿងៗហើយនោះជនសង្ស័យ ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញជាធម្មតា ។
ពេលមកដល់មុខផ្ទះបានស្រែកហៅឲ្យស្ត្រីជាប្រពន្ធបើកទ្វា នៅគ្រានោះស្ត្រីជាប្រពន្ធក៏បានក្រោកមកបើកទ្វាផ្ទះឲ្យចូល ហើយក៏បានចូលទៅក្នុងបន្ទប់ដេកវិញដោយបានចាក់គន្លឹះពីក្នុង ។ ឃើញដូច្នេះបុរសជាប្តីបានស្រែកហៅឲ្យស្ត្រីជាប្រពន្ធបើទ្វាបន្ទប់ ដើម្បីចូលទៅដេកជាមួយ តែស្ត្រីជាប្រពន្ធមិនបើកទ្វាធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់ ។
បើទោះបីជាមានហេតុការណ៍យ៉ាងណាក្តីស្ត្រីជាប្រពន្ធនៅតែមិនបើទ្វាចេញមកក្រៅទើបធ្វើឲ្យជនសង្ស័យជាប្តីយកអង្រែបុកគ្រឿងទៅវាយទម្លុះទ្វាចូលក្នុងបន្ទប់ ហើយបានយកបំណែកទ្វាឈើវាយសំពោងទៅលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យរងរបួសលើដៃទាំងសង្ខាង និងក្បាលយ៉ាងធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនរួមជាមួយវត្ថុតាង ឈើបន្ទះរាងជ្រុងប្រវែង៧០សង់ទីម៉ែត្រ និងឈើរាងមូលប្រវែង៤២សង់ទីម៉ែត្រ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ដោយឡែកជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិកឯកជនកែវសានក្នុងក្រុងតាខ្មៅ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ៕ស្អាងជ័យ