ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងរុស្ស៊ីហោះស្ទាក់យន្តហោះចម្បាំងអាមេរិក​នៅសមុទ្រខ្មៅ

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងប្រភេទ SU-27 បានហោះទៅស្ទាក់យន្តហោះស៊ើបការណ៍អាមេរិកដែលកំពុងធ្វើប្រតិបត្តិការនៅលើសមុទ្រខ្មៅ ។

មន្ត្រីអាមេរិកបានហៅទង្វើនេះ ថា ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងមិនមែនជាលក្ខណៈអាជីព ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា យន្តហោះស៊ើបការណ៍អាមេរិកបានចូលក្នុងដែនអាកាសរុស្ស៊ី ហើយអាកាសយានិកយន្តហោះចម្បាំង SU-27 បានប្រកាន់ខ្ជាប់ជានិច្ចនូវច្បាប់អន្តរជាតិ ។

នៅពេលបច្ចុប្បន្ននេះ កម្លាំងទាហានរុស្ស៊ីបាននិងកំពុងធ្វើសមយុទ្ធនៅសមុទ្រខ្មៅ ។

លោក Jeff Davis អ្នកនាំពាក្យមន្ទីរបង់តាហ្គោន បានថ្លែងថា យន្តហោះស៊ើបការណ៍ P-8A Poseidon របស់កម្លាំងទាហានជើងទឹកអាមេរិកបានធ្វើប្រតិបត្តិការជាធម្មតា នៅលើដែនអាកាសអន្តរជាតិ ខណៈដែលយន្តហោះចម្បាំងរុស្ស៊ីហោះហើរមកស្ទាក់ប្រកបដោយភាពគ្រោះថ្នាក់ ។ សកម្មភាពនេះនាំឲ្យមានស្ថានការណ៍តានតឹងកើតឡើង និងនាំឲ្យមានការយល់ច្រឡំបង្កគ្រោះថ្នាក់កើតឡើង ។

មន្ត្រីការពារជាតិអាមេរិកបានប្រាប់ AFP ថា យន្តហោះចម្បាំងរុស្ស៊ី ហោះហើរមកកៀកយន្តហោះអាមេរិក តែរយៈចម្ងាយ៣០Feet និងបន្ទាប់មក រយៈចម្ងាយ ១០ Feet ប៉ុណ្ណោះ ។

ក្រសួងការពារជាតិរុស្ស៊ីអះអាងថា យន្តហោះចម្បាំងរបស់ខ្លួនបានហោះទៅស្ទាក់យន្តហោះស៊ើបការណ៍អាមេរិកនោះ ដោយសារតែវាបានតម្រង់ទិសចូលទៅដែនអាកាសគ្រប់គ្រងដោយរុស្ស៊ី ហើយបន្ទាប់មានការហោះហើរទៅស្ទាក់រួចមក យន្តហោះអាមេរិកបានបង្វែទិសដៅ រួចហោះចេញទៅទីតាំងផ្សេង ។ យន្តហោះចម្បាំងរុស្ស៊ីធ្វើសកម្មភាពស្របទៅតាមច្បាប់អន្តរជាតិ ។

ទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីមានការរកាំរកូស បន្ទាប់ពីទីក្រុងមូស្គូបានដាក់បញ្ចូលតំបន់គ្រីមៀ របស់អ៊ុយក្រែន ទៅក្នុងដែនអធិបតេយ្យរបស់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៤ ៕ ថាច់ យ៉ាត

 

_91063870_russukhoinewindexr _91063874_021820664