ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះឆេះម៉ាស៊ីនចុះចតបន្ទាន់អ្នកដំណើរ២០០នាក់ព្រលឹងចុងសក់

សារព័ត៌មាន Sputnik បានផ្សាយថា យន្តហោះដឹកអ្នកដំណើរប្រភេទ TU-204 របស់ក្រុមហ៊ុនអាកាសចរណ៍ Red Wings រុស្ស៊ី ដឹកអ្នកដំណើរជាង ២០០នាក់ រួម ទាំងក្រុមពហុនិកា បានចុះចតជាបន្ទាន់ ដោយសារតែ ឆេះម៉ាស៊ីននៅស្លាប់ខាង ឆ្វេង ។

ហេតុការណ៍ខាងលើកើតឡើង ក្នុង ពេលដែលយន្តហោះបានហោះហើរចេញពីទីក្រុង Ufa ភាគខាងត្បូងរុស្ស៊ី ទៅកាន់ ទីក្រុង Sochi ។ ការហោះហើរបានតែ ប៉ុន្មាននាទីប៉ុណ្ណោះ ក៏ស្រាប់តែម៉ាស៊ីនឆេះបង្ខំឲ្យចុះចតភ្លាមៗ។

រូបភាពដែល អ្នកដំណើរថតបានតាម បង្អួចបង្ហាញឲ្យឃើញថា អណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅចេញពីម៉ាស៊ីន។ អាកាសយានិកក៏បានបញ្ជាយន្តហោះTU-204 វិលត្រឡប់ទៅចុះចតនៅកន្លែងដើមវិញ ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង ៥និង៣០នាទីថ្ងៃទី២២ខែសីហា ។

អ្នកដំណើរទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំងពេលឃើញភ្លើងឆាបឆេះម៉ាស៊ីន ។ នៅពេលចុះចតអ្នកដំណើរត្រូវបានជម្លៀសចេញភ្លាមៗដោយទ្វារអាសន្ន ។ ជាភព្វសំណាងមិនមានអ្នកណាម្នាក់ស្លាប់ឬរង របួសនៅក្នុងហេតុការណ៍ខាងលើនោះឡើយ។ ចំណែកអាកាសយានដ្ឋាន Ufa នៅតែដំណើរការធម្មតា ៕ ម៉ែវ សាធី