ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធារុស្ស៊ីមួយគ្រឿងបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ

ទីភ្នាក់ងារព័ត៌មាន ថាស្ស បានរាយការណ៍ថា យន្តហោះ​យោធារុស្ស៊ី Russia’s Il-20 មួយគ្រឿង​ រួមទាំងយោធា​១៤នាក់​បានបាត់ខ្លួន​ ខណៈនៅលើសមុទ្រមេឌីទែរ៉ាណេ, មន្ត្រីក្រសួងការពារជាតិរុស្ស៊ីម្នាក់​ថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារ។

យន្តហោះបានបាត់ស្រមោលចេញពីប្រព័ន្ធរ៉ាដា នៅខណៈពេលដែល​យន្តហោះចម្បាំង F-16 នៃកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅ​ទឹកដីស៊ីរី ខេត្ត ឡាតាគា, មន្ត្រីបាននិយាយថា ជោគវាសនា​ទាហានរុស្ស៊ីទាំងនោះ នៅមិនទាន់ដឹងថា ទៅជាយ៉ាងណាទេ។

មន្ត្រីបានលើកឡើងដូច្នេះថា «ថ្ងៃទី១៧ កញ្ញា វេលាម៉ោង១១យប់ ម៉ោងនៅទីក្រុងមូស្គូ, ការទំនាក់ទំនងរវាងអាកាសយានិក យន្តហោះ Russia’s Il-20 ត្រូវបានកាត់ផ្តាច់​ នៅលើសមុទ្រមេឌីទែរ៉ាណេ ពេលដែលយន្តហោះ​កំពុងវិលត្រឡប់​ចូលកាន់បន្ទាយទ័ពអាកាស Khmeimim វិញ ចម្ងាយ៣៥គីឡូម៉ែត្រពីឈូងសមុទ្រ​ស៊ីរី» ។

ក្រសួងការពារជាតិបានអះអាងថា «សញ្ញារបស់ Il-20 បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេល​ការវាយប្រហារ​របស់យន្តហោះចម្បាំងអ៊ីស្រាអែល F-១៦ ចំនួន៤គ្រឿង ទៅកាន់គោលដៅទឹកដីស៊ីរី ខេត្ត Latakia» ។

ក្រសួងការពារជាតិរុស្ស៊ី​អះអាងទៀតថា «អំឡុងពេលនោះ រ៉ាដារុស្ស៊ី បានផ្ចង់នឹងមីស៊ីល​ទាំងឡាយ ដែលបាញ់មកពី​នាវាចម្បាំង Auvergne របស់បារាំង ដែលស្ថិតនៅក្នុងតំបន់នោះដែរ»។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីអះអាងទៀតថា មានទាហានរុស្ស៊ី១៤នាក់នៅលើយន្តហោះដែលបាត់ខ្លួននេះ ហើយជោគវាសនាយ៉ាងណានោះ នៅមិនទាន់ដឹងទេ ។ មេបញ្ជាការកងទ័ពជើងអាកាសរុស្ស៊ី មូលដ្ឋាននៅ Hmeymim បាននិងកំពុងប្រតិបត្តិការស្វែងរក និងសង្គ្រោះ ៕ ថាច់ យ៉ាត