ព័ត៌មានទាន់ហេតុការណ៍៖

យវុជនម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតវង្វេងស្មារតី

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅវត្តដើម្បីរងចាំពុកម្តាយមកទទួលយកទៅធ្វើការអប់រំបន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរហូតវង្វេងស្មារតីលែងដឹងអ្វីទាំងអស់ហើយបានដើរឈតាមផ្លូវនិងយកដំថ្មគប់រថយន្តគេថែមទៀត។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនខាងលើ ដើរតាមផ្លូវជាតិលេខ៤នៅត្រង់ចំណុចខាងលើដោយម្ដងដើរលិចទៅកើត គឺដើរទៅដើរមកចុះឡើងៗ និងនិយាយតែម្នាក់ឯងថែមទៀត និងឈរផងអង្គុយនៅចំកណ្ដាលផ្លូវដោយមិនខ្លាចរថយន្ត និងម៉ូតូបុកនោះទេ បន្ទាប់មក ក៏យកដំថ្មគ ប់តែមិនធ្វើឲ្យរថយន្តរងការខូចខាតនោះទេ តែអ្នកដំណើរមានការភ័យខ្លាចគ្រប់ៗគ្នា ។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣សហការជាមួយកម្លាំងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យចុះទៅធ្វើការនាំបុរsនោះចេញពីផ្លូវ ព្រោះមានការបារម្ភខ្លាចយុវជននេះត្រូវរថយន្តឬម៉ូតូបុកស្លាប់ ។

បន្ទាប់មកបាននាំទៅកាន់វត្តជន្លុងម្លូរផ្ញើឲ្យព្រះសង្ឃជួយមើលបណ្ដោះអាសន្ន រង់ចាំក្រុមគ្រួសារទៅទទួលយកត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ