ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​ខ្ញុំ​ទៅ​បោះឆ្នោត​កក្រើក​ហ្វេសប៊ុក​ ប្រឆាំង​ការ​អំពាវនាវ​របស់​ទណ្ឌិត​សម​ រង្ស៊ី​

ភ្នំពេញ​៖ប៉ុន្មាន​ថ្ងៃ​នេះ​ អ្នក​លេង​ហ្វេសប៊ុក​ចាប់ផ្ដើម​ប្តូរ​រូប​គណនី​របស់​ខ្លួន​ ដោយ​បង្ហាញ​ឆន្ទៈ​អំពី​ខ្ញុំ​ទៅ​បោះឆ្នោត​ ។ ការ​សម្តែង​ឆន្ទៈ​នេះ​ ទំនង​ជា​ការ​ឆ្លើយតប​និង​ប្រឆាំង​ការ​អំពាវនាវ​របស់​ទណ្ឌិត​សម​ រង្ស៊ី​ ប្រធាន​ចលនា​សង្គ្រោះ​ ដែល​ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​ ។

សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រកាស​ច្បាស់​ហើយ​ថា​ ការ​បោះឆ្នោត​សកល​ ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ គឺ​ ប្រព្រឹត្ត​ទៅ​តាម​ការកំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ្មាន​ការ​ប្រែប្រួល​ឡើយ​ ។

ផេក​ហ្វេសប៊ុក​មួយ​ឈ្មោះ​ https://www.facebook.com/camboframe/​ ប្រមូល​ទៅ​ដោយ​រូបភាព​និង​អត្ថន័យ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទៅ​បោះឆ្នោត​ មាន​ដូចជា​ យើង​ទៅ​បោះឆ្នោត​ដើម្បី​អនាគត​យើង​ទាំងអស់​គ្នា​ ,​ យើង​ទៅ​បោះឆ្នោត​ដើម្បី​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ជាតិ​យើង​ ,​ ខ្ញុំ​ទៅ​បោះឆ្នោត​ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​ជាដើម​ ។

អ្នក​លេង​ហ្វេសប៊ុក​បង្ហាញ​ខ្លឹមសារ​ផ្សេង​ៗ​គ្នា​ជុំវិញ​រឿង​នេះ​ ដោយ​អ្នក​ខ្លះ​អះអាង​ថា​ “ការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ទៅបោះឆ្នោត គឺជាការត្រឹមត្រូវ។ ប្រជាជនកម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់អ្នកនយោបាយណាម្នាក់ឡើយ។ យើងមានសិទ្ធិពេញលេញក្នុងការជ្រើសមេដឹកនាំជាតិ ដែលទទួលខុស ត្រូវ លើជោគវាសនាជាតិនិងប្រជាជនកម្ពុជាទាំងមូល ។

យើងចងចាំថា ការដែលយើងដាក់រូប ខ្ញុំទៅបោះឆ្នោត…”។ ការចូលរួមរបស់យើងម្នាក់ៗ ក្លាយជាកម្លាំងដ៏ស្ងប់ស្ងាត់ ថ្លៃថ្នូរហើយមានតម្លៃធំធេងចំពោះខ្លួនយើង និងប្រទេសយើង កម្ពុជា ។

សេចក្តីស្រឡាញ់របស់យើងពីម្នាក់ទៅម្នាក់ បង្កើតបានជាចំណងកម្លាំងសាមគ្គីដ៏រឹងមាំ ដើម្បី កម្ពុជា ។

ថ្ងៃនេះ យប់នេះ ថ្ងៃស្អែក យើងបន្តផ្ញើសារដ៏ស្ងប់ស្ងាត់និងថ្លៃថ្នូរថា យើងស្រលាញ់ប្រទេសជាតិយើង ។

អ្នកមិនមែនជាអ្នកនយោបាយ។ ក៏ប៉ុន្តែ ឆ្នោត១សន្លឹករបស់អ្នក ៥ឆ្នាំម្តង គឺមានតម្លៃ កាត់សេចក្តីជោគវាសនា របស់អ្នកនយោបាយ។

ការចាប់ផ្តើមរបស់មនុស្សម្នាក់គឺជាសំឡេងនិងរូបភាព ហើយការរួមគ្នារបស់មនុស្សជាច្រើននាក់ធ្វើសកម្មភាព នោះបង្កើតជា លទ្ធផលជាក់ស្តែង។

មិនថា យើងធ្វើការនៅទីណា តួនាទីអ្វីទេ ប៉ុន្តែ ការបោះឆ្នោត គឺផ្តល់ឱកាសឲ្យយើងម្នាក់ៗប្រើសិទ្ធិជា ចៅក្រម កាត់សេចក្តីលើជោគវាសនាអ្នកនយោបាយ។ ការកាត់សេចក្តីដ៏ត្រឹមត្រូវតាមរយៈសន្លឹកឆ្នោត គឺជាការរួមចំណែកផ្តល់ យុត្តិធម៌ ភាពសុខដមរមនា ដល់មាតុភូមិកម្ពុជាយើងទាំងមូល

យើងខ្ញុំគ្មាន ទ្រឹស្តី សេនារីយោ ១-២-៣-៤ អីទេ ប៉ុន្តែយើងមាន សន្លឹកឆ្នោតម្នាក់១សន្លឹក។ ឆ្នោត១សន្លឹកនេះ មានឥទ្ធិពលខ្លាំងជាងសេនារីយោ១លានក្បាច់ទៅទៀត។ ដល់ថ្ងៃគូសប៉ាច់ បោះឲ្យអ្នកណាគឺអ្នកហ្នឹងជាប់ហើយ ។ សំឡេង ដែលមានតម្លៃចំពោះ កម្ពុជា ពីព្រោះគឺយើងជាម្ចាស់ប្រទេស ។

ខ្លឹមសារ​ទាំង​នេះ​ គឺ​បង្ហាញពី​ឆន្ទៈ​ប្រជាជន ស្រលាញ់​សន្តិភាព ប្រទេសជាតិ សម្រេចជ្រើសរើសមេដឹកនាំដែល​មានសមត្ថភាពនៃតម្លៃ​ខ្លួនលើសិទ្ធិកាន់សន្លឹក​ឆ្នោត១សន្លឹក ៥ឆ្នាំមានម្តងនេះ ៕ ចេស្តា