យុទ្ធនាការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនីហ្សេរីយ៉ាបានចាប់ផ្តើមកាលពី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ប្រធានាធិបតី Goodluck Jonathan បានធ្វើយុទ្ធនាការនៅក្នុងទីក្រុង Gombe ភាគខាងជើងរបស់ប្រទេសនេះ ហើយនៅពេលដែលលោកទើបតែចាកចេញពីទីនោះបានមួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាលឲ្យស្លាប់ម្នាក់ និង របួស ១៨នាក់ ។
លោក Jonathan បានឈរឈ្មោះសាជាថ្មីម្តងទៀតសម្រាប់បេក្ខភាពប្រធានាបតីដែលត្រូវប្រព្រឹត្ត ឡើងនៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយប្រកួតប្រជែងជាមួយអតីតមេដឹកនាំរបបយោធា លោក Muhammadu Buhari ។
ជាមួយគ្នានេះ ក្រុមឧទ្ទាមអិស្លាមជ្រុលនិយមបូកូហារ៉ាមបានបង្កើនសកម្មភាពវាយប្រហាររបស់ពួកគេ នៅទីតាំងដែលមានរៀបចំបោះឆ្នោតក្នុងប្រទេស។ ប៉ុន្តែទោះយ៉ាងណា ពួកគេនៅមិនទាន់អះអាងចំពោះអំពើហិង្សាខាងលើនេះឡើយ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះក៏បានធ្វើឡើងផងដែរនៅតាមអគារតុលាការ ក្នុងតំបន់ទីប្រជុំជន ៣ ដែលសម្បូរប្រេងកាត ស្ថិតនៅភាគខាងត្បូងរបស់នីហ្សេរីយ៉ា ។ ក្រុមប៉ូលិសបាននិយាយថា ការវាយប្រហារនេះគឺគ្រាន់តែដើម្បីឲ្យមានការសម្របសម្រួលតែប៉ុណ្ណោះ ។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ លោក Ahmad Muhammed បានថ្លែងថា រំសេវជាតិផ្ទុះសង្ស័យថា ត្រូវគេប្រើដើម្បីវាយប្រហារនៅទីក្រុង Port Harcourt , ទីប្រជុំជន Isiokpo និងនៅទីក្រុង Degema ស្ថិតនៅក្នុងរដ្ឋខេត្ត Rivers State ដែលសម្បូរទៅដោយប្រេងកាតនោះ ។ លោកបន្តថា បើទោះជាមិនមានគ្រោះថ្នាក់ដល់ជីវិត មនុស្ស ប៉ុន្តែអគារតុលាការនៅក្នុងទីក្រុង Degema រងការខូចខាត ហើយឯកសារនៅទីនោះក៏បាន ឆេះម៉ដ្ឋអស់គ្មានសល់ ។
ក្រុមបូកូហារ៉ាមមិនត្រូវគេជឿថា ជាអ្នកធ្វើសកម្មភាពយ៉ាងសកម្មភាពនៅក្នុងតំបន់ដែលសម្បូរប្រេងនេះទេ។ នៅទីនេះ ពួកសកម្មប្រយុទ្ធផ្សេងទៀតធ្លាប់បានធ្វើសកម្មភាពវាយប្រហារនាពេលកន្លងមកដើម្បីទាមទារឲ្យរដ្ឋាភិបាលបែងចែកចំណូលដែលបានមកពីប្រេងដល់ក្រុមពួកគេ។
អំពើហិង្សានៅក្នុងទីក្រុង Gombe បានកើតឡើង ខណៈដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅជិតរថយន្តមួយគ្រឿង ។ លោក Fwaje Atajiri អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់បញ្ជាក់ថា ហេតុការណ៍នេះបានបណ្តាលឲ្យស្រីម្នាក់ស្លាប់ ប៉ុន្តែផ្ទុយពីសេចក្តីរាយការណ៍នៅមុននោះបន្តិចថា មនុស្ស៣នាក់បាត់បង់ជីវិត ។
សាក្សីម្នាក់ឈ្មោះ Mohammed Bolari ដែលចូលរួមយុទ្ធនាការបោះឆ្នោតប្រធានាធិបតីក្នុងទីក្រុង Gombe ដែរនោះបាននិយាយថា ហេតុការណ៍បំផ្ទុះបានកើតឡើងប្រមាណ៣នាទី បន្ទាប់ពីការចាកចេញរបស់លោកប្រធានាធិបតី Jonathan ។
ការបោះឆ្នោតរបស់នីហ្សេរីយ៉ានៅពេលនេះត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុត មិនធ្លាប់មាន ក្រោយបញ្ចប់របបយោធាក្នុងឆ្នាំ ១៩៩៩មក។ ជាមួយគ្នានេះ ក៏មានក្តីព្រួយបារម្ភដែរថា ប្រជាពលរដ្ឋដែល ស្ថិតនៅក្នុងតំបន់គ្រប់គ្រងរបស់ពួកបូកូហារ៉ាមមិនអាចចេញទៅបោះឆ្នោតបានទេ ។
កាលពីសប្តាហ៍មុនសហភាពអាហ្វ្រិកបានយល់ព្រមដាក់ពង្រាយកងទ័ ព៧.៥០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមបូកូហារ៉ាម ។
នៅក្នុងខែមេសា ឆ្នាំ២០១៣ នីហ្សេរីយ៉ាបានប្រកាសចាត់ទុកតំបន់ភាគឦសានប្រទេសឲ្យស្ថិតជាតំបន់ក្នុង គ្រាអាសន្ន ដែលក្នុងនោះរួមមានរដ្ឋ Borno រដ្ឋ Yobe និងរដ្ឋ Adamawa ។ ប៉ុន្តែទោះយ៉ាងណា រដ្ឋាភិបាលមិនអាចបញ្ឈប់សកម្មភាពវាយ ប្រហារបស់ក្រុមឧទ្ទាមបូកូហារ៉ាមបានឡើយ
៕