ព័ត៌មានទាន់ហេតុការណ៍៖

យុវជនចិត្តស្លុយឡើងជិះម៉ូតូគេភ្លេចដកសោចេញបាន២គីឡូម៉ែត្រ រលត់ម៉ាស៊ីន ត្រូវម្ចាស់តាមទាន់

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូ តាមទាន់ ខណៈបណ្ដើរម៉ូតូប្រមាណជិត២គីឡូម៉ែត្រ ដោយរលត់ម៉ាស៊ីន ហើយប្រគល់ឲ្យសមត្ថកិច្ចមកសាកសួរបន្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្សារបាវិត ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យិន ជីវ័ន្ត អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់ព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែកម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាកហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H៩០០៤ ។

តាមម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាបានឈប់នៅផ្សាបាវិតរួចក៏បានចុះពីលើម៉ូតូភ្លេចដកសោចេញប្រមាណជិត១០នាទី ក៏បានក្រឡេកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូដែលចតនោះ បង្កការភ្ញាក់ផ្អើល និងនាំគ្នាដើររកម៉ូតូប្រមាណ២គីឡូម៉ែត្រប្រទះឃើញជនសង្ស័យកំពុងបណ្ដើរម៉ូតូតាមផ្លូវ សំណាងគាត់ដាក់លេខសម្ងាត់ក៏ឃាត់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន