ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចាប់ក្មេងស្រីអាយុ១១ឆ្នាំខ្ទប់មាត់អូសទៅរំលោភនៅក្នុងចម្ការល្មុត

ខេត្តកណ្ដាល ៖ យុវជនវ័យ១៨ឆ្នាំម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំខ្ទប់មាត់ រហូតសន្លប់បាត់បង់ស្មារតីអូសទៅរំលោភសេពសន្ថវៈរហូតសម្រេច កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងចម្ការល្មុតមួយកន្លែងស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបានរយៈពេល៦ម៉ោង ។ ជនសង្ស័យឈ្មោះ ឡេង ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។ ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ១១ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងឃុំកើតហេតុខាងលើ ។

ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានដើរទៅក្នុងចម្ការល្មុតក្នុងគោលបំណងទៅបេះផ្លែល្មុតយកមកហូប ខណៈកំពុងឈរក្នុងចំការល្មុតតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ឡេង ជា ចូលមកចាប់នាងខ្ទប់មាត់រហូតសន្លប់បាត់បង់ស្មារតី ដោយមិនដឹងថា មានរឿងអ្វីកើតឡើងបន្តទៀតនោះទេ ។ ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ពេលនាងដឹងខ្លួនវិញស្រាប់តែឃើញខោរបស់នាងស្រាតចេញពីខ្លួន ទើបនាងរត់ទៅប្រាប់ម្ដាយ ហើយម្ដាយបាននាំនាងទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តែម្តង ។

លោកអនុសេនីយ៍ទោ ពុយ ទ្រី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ ឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលតែម្តង ។

ជនសង្ស័យឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះពិតបា្រកដមែន តែមិនបានចាប់បង្ខំដូចការចោទប្រកាន់នោះទេ ពោលគឺខ្លួនបានចរចារត្រូវរូវគ្នាជាមួយក្មេងស្រីរងគ្រោះក្នុងតម្លៃ៥.០០០រៀល ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យខាងលើនេះត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកណ្ដាល បញ្ជាឲ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងពីបទ រំលោភសេពសន្ថវៈលើអនិតិជន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

111