ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូចេញទៅធ្វើការត្រូវជនសង្ស័យវាយប្លន់យកម៉ូតូបាត់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​យប់​ជិត​ភ្លឺ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​២០០៤ ដែល​ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សួន សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ស្នាក់​នៅ​ភូមិ​កន្លែងធ្វើការ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពេល​ចប់​ម៉ោង​រូប​គាត់​បាន​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ខារ៉ាអូខេ ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​ស សេរី​២០១៤ មិន​ចាំ​ស្លាក​លេខ ទៅ​លេង​មិត្តភក្តិ និង​សង្សារ ជិត​កន្លែង​កើតហេតុ លុះ​គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​ប្រមាណ​ជិត​១០​នាក់ ដោយ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​២​គ្រឿង នឹង​ម៉ូតូ​២​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដោយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​គ្នា​២​នាក់ ជិះ​កាត់​ពីមុខ ហើយ​ជនសង្ស័យ​ដែល​ជិះ​ពីក្រោយ​បាន​ស្រែ​កថា ម៉េច​ហែង​វាយ​ប្អូន​អញ ហើយ​ជនសង្ស័យ​ខាងលើ បាន​យក​ខ្សែក្រវាត់​មក​វាយ​រូប​គាត់ បណ្តាល​ឲ្យ​រង​របួស​ស្នាម​ខ្នង បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​ចោល​ម៉ូតូ ហើយ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​ផ្សេង​ទៀត បាន​លើក​ម៉ូតូ​របស់​គាត់ ហើយ​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត​តាម​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ សុខាសែនជ័យ