ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលើបណ្ដោយផ្លូវជាតិលេខ៥ត្រូវបានរថយន្តហុីយ៉ាន់ដាយមួយគ្រឿងដឹកដើមដំឡូងមីបើករេចង្កូតបណ្តាលឲ្យបុកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ខណះពេលយុវជននោះ កំពុងជិះម៉ូតូលើបណ្ដោយផ្លូវជាតិលេខ៥ត្រូវបានរថយន្តហុីយ៉ាន់ដាយបើករ៉េចង្កូតជ្រុលទៅបុក ពេញទំហឹងបណ្តាលឲ្យខ្ទាតចូលទៅក្រោមកង់រថយន្តកិនបែកក្បាល ។

តាម លោក វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-២៧៣៥ បើកបរដោយបុរសមិនស្គាល់មុខក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានវេចង្កូតមកខាងកើតផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ស្លាទំ ពាក់ស្លាកលេខបាត់ដំបង១AB-៩៦១១ បើកបរដោយបុរសម្នាក់ឈ្មោះ សឿន ឡាដិន អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ក្នុងទិសដៅច្រាស់គ្នាបណ្តាលឲ្យខ្ទាតចូលកង់រថយន្តកិន ស្លាប់ភ្លាមៗចំនែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ពិនិត្យ និងវាស់វែងរួចបានប្រគល់សព
ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមនីតិវិធី ៕ ស សារ៉េត