ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដែលស្លាប់នៅរមណីយដ្ឋានកំសាន្តបឹងសែនត្រជាក់ចិត្ តត្រូវបានឳពុកម្តាយដាក់ការសង្ស័យ ជាអំពើឃាតកម្ម

ខេត្តបាត់ដំបង ៖ ករណីយុវជនម្នាក់ដែលបានស្លាប់នៅក្នុងរមណីយដ្ឋានកំសាន្តបឹងសែនត្រជាក់ចិត្តនៅក្នុងសង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានក្រុមគ្រួសារជនរងគ្រោះសង្ស័យថាកូនគាត់ស្លាប់មានអាថ៌កំបាំងដែលនេះជាអំពើឃាតកម្មមិនមែនស្លាប់ដោយសារលង់ទឹកនោះទេ។

យុវជនងគ្រោះមានឈ្មោះ ហេង សុភ័ក្រលាភ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនភ្នំសំពៅ ស្នាក់នៅក្នុងបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកប្រចាំទិសយោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍និងការរៀបរាប់របស់អាណាព្យាបាល ជនរងគ្រោះមានចម្លើយពីរផ្ទុយគ្នា ខាងនគរបាលប៉ុស្តិ៍ស្រាវជ្រាវថាជាករណីលង់ទឹកស្លាប់ ចំណែកខាងឪពុកម្តាយជនរងគ្រោះថាជាករណីឃាតកម្ម ។

ឪពុកជនរងគ្រោះឈ្មោះ ហេង សុផល អាយុ៥៦ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាននគរវត្តឱ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថា ជុំវិញការស្លាប់កូនរបស់គាត់គឺលោកមានការសង្ស័យពីព្រោះសាកសពកូនដែលគេស្រង់ ចេញពីទឹកមានពាក់ស្បែកជើងផ្ទាត់១គូ ស្លៀកខោខាវប៊យ និងពាក់អាវយឺតដៃវែង និងមាន ពាក់មួកទៀតផង។

លោកប្រាប់ឱ្យដឹងទៀតថាកូនគាត់មិនចេះហែលទឹកនោះទេហេតុអ្វីបានជាចុះទៅលេងទឹក ។ លោកចោទជាចម្ងល់ថាបើសិនកូនគាត់ចុះទៅលេងទឹកនោះមែនម្តេចមិនដោះខោខូវប៊យ ស្បែកជើង និងមួកចេញ? បញ្ហានេះហើយទើបធ្វើឱ្យគាត់មិនអស់ចិត្តទាល់តែសោះសង្ស័យគេច្រានកូនទម្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់ក៏ថាបាន ។
ការស្លាប់កូនរបស់គាត់បែបនេះហាក់បីដូចជាអាថ៌កំបាំងហើយលោកគ្រោងនិងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីស្រាវជ្រាវស៊ើបអង្កេតឡើងវិញ។

ជុំវិញបញ្ហានេះ បើតាមមន្ត្រីនគរបាលប៉ុស្តិ៍វត្តគរលោក ឌិត ផូ បានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមលោកក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបាត់ទៅហើយ។ លោក ស្រាវជ្រាវពីកម្មករនិងមិត្តភក្តិជនរងគ្រោះឱ្យដឹងថា ជនរងគ្រោះបានចុះទៅលេងទឹកជាមួយមិត្តភក្តិ ហើយក៏បានលង់ទឹក ។ ទន្ទឹមនោះមានកម្មករធ្វើការនៅក្នុងរមណីយដ្ឋាននាំគ្នាបោះអាវពោង ទៅជួយនិងនាំគ្នាស្រង់ជនរងគ្រោះឡើងមកលើគោកថែមទៀត ។

លោកប្រាប់ឱ្យដឹងថាករណីដែលជនរងគ្រោះស្លាប់ក្នុងសំម្លៀកបំពាក់បែបណានោះលោកមិនបានដឹងនោះទេតែពេល លោកមកដល់កន្លែងកើតហតុត្រូវបានគេដឹកជនរងគ្រោះទៅមន្ទីរពេទ្យបាត់ទៅហើយ។
លោកបន្តថា បើចង់ដឹងច្បាស់រឿងនេះឲ្យសាកសួរលោក ស្វាយ ភារម្យ នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

លោក ស្វាយ ភារម្យ នាយផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា ករណីនេះពិតជាការលង់ទឹកស្លាប់នោះមែន ព្រោះសាកសពជនរងគ្រោះគឺខាងមន្រ្តីនគរបាលជំនាញបច្ចេកទេសជាអ្នកត្រួតពិនិត្យធ្វើកោសល្យវិច្ច័យសព។
លោក អាត់ រី នគរបាលបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងថា លោកនិងខាងកម្លាំងជំនាញខេត្តបានចុះទៅធ្វើកោសល្យវិច័យសពគឺសាកសពជនរងគ្រោះត្រូវបានអ្នកចុះទៅជួយសង្រ្គោះនាំគ្នាដោះសំម្លៀកបំពាក់ចេញអស់ទៅហើយនៅសល់តែខោខ្លីប៉ុណ្ណោះ ។ ចំពោះថាជនរងគ្រោះនៅពេលស្លាប់ស្លៀកពាក់បែបណានោះគឺលោកមិនបានដឹងនោះទេ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ជនរងគ្រោះ ឈ្មោះ ហេង សុភ័ក្រលាភ បានធ្វើដំណើរជាមួយមិត្តភក្តិ២នាក់ទៀតទាំងអស់៣នាក់ទាំងជនរងគ្រោះនាំគ្នាទៅលេងកំសាន្តនៅរមណីយដ្ឋានសែនត្រជាក់ចិត្ត ដែលមានទឹកស្រះជម្រៅជិត២០ម៉ែត្រជារណ្តៅពីការកាយយកអាចម៌ដីលក់ហើយមានទឹកសម្រាប់ឱ្យអ្នកទៅលេងកំសាន្តចុះងូតលេងផងដែរ ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ក្រោយមកទើបក្រុមគ្រួសារជនរងគ្រោះទទួលដំណឹងមកថាកូនគាត់ស្លាប់ដោយលង់ទឹកនៅទីនោះ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា បើសិនជាក្រុមគ្រួសារសពមិនអស់ចិត្តមកដាក់ពាក្យបណ្តឹងនៅកន្លែង សមត្ថកិច្ចលោកនិងបញ្ជាកម្លាំងក្រោមឱវាទស្រាវជ្រាវស៊ើបអង្កេតឡើងវិញ ៕ សំ វិច្ឆិកា

image1

image2

image3

image4