ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើករថយន្តមកចតកណ្តាលផ្លូវធ្វើឲ្យផ្អើលដល់អ្នកដំណើរនិងភ្ញៀវ

ខេត្តសៀមរាប៖ នៅវេលាម៉ោង ១៧ រសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨ យុវជនម្នាក់អាយុប្រមាណ៣០ឆ្នាំ បានបើកបរ រថយន្តលុចស៊ីស៣០០ ពាក់ស្លាកលេខភ្នំពេញ 2T 5896 ពណ៌ស្ក មកពីក្នុងក្រុង ហើយបានមកឈប់រថយន្តនៅមុខសណ្ឋាគារសុខា សៀមរាប (តំបន់អង្គរឃ្យុងយូរ) ដោយបានបើករថយន្ត ថយទៅមុខទៅក្រោយ ដោយបើកដូចជាអ្នកស្រវឹង ធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវមានការភ័យខ្លាច ។ តែមួយសន្ទុះយុវជនរូបនេះ បានថតរថយន្តដាក់នៅទទឹងផ្លូវ ហើយបានចុះពីរថយន្ត មកជក់បារី ព្រមទាំងលើកដៃធ្វើកាយវិការ ដូចជាមនុស្សសតិមិនគ្រាប់ និង ដូចជា មនុស្សបែកថ្មាំ បានធ្វើឲ្យក្រុមសន្តិសុខសណ្ឋាគារ ជាច្រើននាក់ មកធ្វើអន្តរាគមន៍ ដើមី្បការពារកុំឲ្យយុវជននេះ បើក រថយន្តចូលទៅក្នុងសណ្ឋាគារ ទៅបង្កហេតុអ្វីមួយដល់ភ្ញៀវនៅក្នុងសណ្ឋាគារ ។

ឱកាសនោះដែរអ្នកសារព័ត៌មានបានសួរនាំ បងប្អូនដែលលក់ផ្លែធូរេន តាមម៉ូតូកង់បី បានឲ្យដឹងថា យុវជនរូបនេះ មិនមែនតែបង្កនៅពេលនេះទេ គឺធ្វើសកម្មភាពនេះ៣ដងមកហើយ ព្រមទាំងកម្លាំងសមត្ថកិច្ចមកធ្វើ ការសួរនាំ និង នាំទៅធ្វើការអប់រំផងដែរ ។ ប្អូនប្រុសអ្នកលក់ផ្លែធូរេន បានឲ្យដឹងទៀតថា យុវជនរូបនេះ គឺជាអ្នករក ស៊ីលក់រូបព្រះ ឬគ្រឿងអនុស្សាវរីយ៍ តែយុវជននេះមិនបានបែកថ្នាំឡើយ ដូចជាអ្នកតាចូលទៅវិញ ។ ម៉្យាងទៀតបើ យើងខិតខំហៅសមត្ថកិច្ច ឲ្យមកជួយធ្វើអន្តរាគមន៍យ៉ាងណា ក៏សមត្ថកិច្ចមិនមកដែរ ព្រោះប៉ូលីសដឹងអស់ហើយ។

ក្រោយពីសួរនាំប្អូនប្រុសនេះរួច នៅវេលាម៉ោង១៧ និង ៣៧នាទី យុវជនដ៏ចំឡែកនេះ បានបើកបររថយន្ត យ៉ាងលឿនចេញពីមុខសណ្ឋាគារ ឆ្ពោះទីប្រជុំជនអង្គរឃ្យុងយូរបាត់ស្រមោលតែម្តងទៅ ៕ ប៊ុនរិទ្ធី