ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លបចូលក្នុងមុងកូនក្រមុំគេត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួន យុវជនម្នាក់តាមពាក្យបណ្តឹងពាក់ព័ន្ធនឹង ការបន្លំចូលដេកក្នុងមុងកូនក្រមុំគេ បម្រុងចាប់រំលោភសេពសន្ថវៈ។ ករណី នេះបាន កើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពន្លៃ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ហើយសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ដើម្បីបន្តនីតិវិធី ។

មន្ត្រីនគរបាលស្រុកអង្គរជ័យបានឲ្យ ដឹងថា ជនសង្ស័យឈ្មោះ សន សត្យា អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយក្មេង ស្រីរងគ្រោះ ។

មន្ត្រីនគរបាលដដែលបានប្រាប់ឱ្យដឹងទៀតថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានលបលួចហែកជញ្ជាំងផ្ទះរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះរួចលបចូលទៅដេកក្នុងមុងជាមួយកុមារីវ័យ១៤ឆ្នាំបម្រុងចាប់រំលោភ តែ ភ្លាមៗនោះកុមារីរូបនោះដឹងខ្លួនទាន់ក៏ស្រែក ឆោឡោនិងបើកភ្លើងបំភ្លឺស្រាប់តែឃើញ ជនសង្ស័យស្ទុះរត់ចេញពីក្នុងមុងតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា នៅក្រោយមានហេតុការណ៍នេះក្រុមគ្រួសារបានមកប្តឹងសមត្ថកិច្ចទើបឈានទៅឃាត់ខ្លួនជនសង្ស័យនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ដើម្បីចាត់ ការតាមច្បាប់ ៕ សហការី

dwe-1