ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លួចចូលរំលោភក្មេងស្រីដល់ក្នុងបន្ទប់ ម្ដាយមកទាន់ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ យុវជនល្មោភកាមម្នាក់ ឆ្លៀតម្ដាយឪពុកក្មេងស្រីមិននៅផ្ទះលួចចូលដល់ក្នុងបន្ទប់រួចធ្វើសកម្មភាពរំលោភ តែត្រូវម្ដាយក្មេងស្រីមកទាន់ក៏ប្ដឹងសមត្ថកិច្ចធ្វើការចាប់ខ្លួន ។

ករណីរំលោភសេពសន្ថវៈខាងលើនេះ កើតឡើងនៅថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទីត្រង់ចំណុចក្នុងផ្ទះឈ្មោះ យ៉ាត ពៅ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះឈ្មោះ វ ម អាយុ១៥ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ដាយក្មេងស្រីរងគ្រោះបានចេញពីផ្ទះរបស់ខ្លួនទៅទិញសាប៊ូនៅផ្ទះលក់ចាប់ហួយរបស់ឈ្មោះ រ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ រីឯក្មេងស្រីរងគ្រោះជាកូននៅផ្ទះតែម្នាក់ឯង ចំណែកប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះ ម្ដាយក្មេងស្រីរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ ឃើញកូនស្រីរបស់ខ្លួនបានដើរចេញពីបន្ទប់ក្នុងផ្ទះ ហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យខាងលើដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែសំយ៉ាបមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរដេញដោល រហូតក្មេងស្រីរងគ្រោះជាកូនរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ម្ដាយ ។

ក្រោយពីស្ដាប់ការរៀបរាប់របស់កូនរួច ស្រ្តីជាម្ដាយបានទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីចាប់ខ្លួន ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីស្ត្រីជាម្ដាយរួច ភ្លាមនោះក៏ធ្វើការចាប់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ស្អាងជ័យ