ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

យុវជន២ក្រុមបានបបួលគ្នាលេងបាល់សីដល់បានប្រហែលមួយម៉ោង ក្រោយមកឈ្លោះប្រកែកគ្នាឈានដល់ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមកខ្លះរងរបួសចូលពេទ្យខ្លះសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យុវជន២ក្រុមបានបបួលគ្នាលេងបាល់សីដល់បានប្រហែលមួយម៉ោង ក្រោយមកឈ្លោះប្រកែកគ្នាឈានដល់ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមកខ្លះរងរបួសចូលពេទ្យខ្លះសមត្ថកិច្ចឃាត់ខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេនវិទ្យាល័យឬស្សីកែវក្រុមទី០៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ភាគីទី១ មាន១ឈ្មោះ ដួង វរធាន ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសបាក់ដៃឆ្វេងនិងពកក្បាលពីក្រោយ) ២/ឈ្មោះដួង វរធូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរតន្ត្រីករ (បែកក្បាលនិងបែកមាត់) មានទីលំនៅផ្ទះជួលក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ។ ៣ ឈ្មោះ សា មាន សាមីត ភេទប្រុស អាយុ២២ឆ្នាំ(របួសបែកក្បាល) ៤ ឈ្មោះ សារឿន ករណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ (របួសបែកចិញ្ចើម) ឃាត់ខ្លួន ៥/ឈ្មោះមាន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ កម្មករសំណង់ (ឃាត់ខ្លួន) ៦/ឈ្មោះ ថាវ វុធធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាងបាញ់ថ្នាំរថយន្ត(ឃាត់ខ្លួន) មានទីលំនៅក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ជនរងគ្រោះបច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពទ្យព្រះកេតុមាលា ។

ភាគីទី២ មាន១/ឈ្មោះថាច់ តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត(រងរបួសបែកក្បាលនិងឆ្អឹងខ្នង) ២/ឈ្មោះគឹម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (របួសថ្លោះដែស្តាំ) ឃាត់ខ្លួន ៣/ឈ្មោះរ័ត្ន ភិលា ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរទិញលក់អេតចាយ (ឃាត់ខ្លួន) មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលំ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ។

ជនរងគ្រោះបច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពេទ្យ ។

សមត្ថកិច្ចឲ្យដឹងទៀតថាដំបូងភាគីទាំងសងខាងបានបបួលគ្នាទៅលេងបាល់សីដក់ពេលលេងបានប្រហែលមួយម៉ោងក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នាតែម្តង ។

ករណីខាងលើនេះអាណាព្យាបាលបានដាក់ពាក្យបណ្តឹងទាំងសងខាង ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតីវិធី ៕ អារុណរះ