ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចណាស់ក្មេងប្រុស៣នាក់ស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត

ខេត្តកំពង់ធំ៖ ក្មេង៣នាក់ ជិះម៉ូតូឌុបគ្នា បើកទៅបុករថយន្ដបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២០និង២៥នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចមុខផ្ទះឈ្មោះ ម៉ន វេន នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យក្មេង៣នាក់ស្លាប់ ដោយជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H.1756 ជនរងគ្រោះ ទី១- ឈ្មោះ កែវ គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ(សិស្ស) នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព)។ ២-ឈ្មោះ ខុម ភេទប្រុស អាយុ១៧ឆ្នាំ(សិស្ស)នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព)។ ៣- ឈ្មោះ សឿន ចាន់ធី ភេទប្រុសអាយុ១៩ឆ្នាំ(សិស្ស) នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។

ចំណែករថយន្តសណ្តោងសុឺមីរុឺម៉ក ម៉ាកហីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D.0277 សុឺមីរុឺម៉ក ពណ៌ខៀវ ស្លាកលេខ ព្រះសីហនុ 4A.2831 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ទឹម សុីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្នោតថ្មី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកមិនប្រកាន់ស្តាំ ចូលទៅគន្លងផ្លូវរថយន្តផ្ទុយទិស។

ក្រោយកើតហេតុ សមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ឯវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី