ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញមូលហេតុឆេះក្លឹបកូប្រាហ្គោល

ភ្នំពេញ៖ គណៈកម្មការសាលាខណ្ឌដូនពេញ សហការនិងក្រុមសមត្ថកិច្ចជំនាញអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បានសហការធ្វើការចុះស្រាវជ្រាវក្នុងករណីអគ្គីភ័យឆេះក្លឹបខារ៉ាអូខេកូប្រាហ្គោល(COBRA GOLD) កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។

ក្រុមគណៈកម្មការជំនាញបានវាយតម្លៃដោយធ្វើការសន្និដ្ឋានថា ករណីអគ្គីភ័យនេះគឺផ្តើមចេញពីឆ្លងចរន្តភ្លើង។ ក្រុមគណៈកម្មការជំនាញបានធ្វើការយ៉ាងល្អិតល្អន់ទៅលើករណីអគ្គីភ័យនេះ មុនដំបូងធ្វើការសន្និដ្ឋានថាអាចបណ្តាលមកពីកត្តាមនុស្ស ដោយឆ្វេសប្រហែសក្នុងការគ្រប់គ្រងមិនបានត្រឹមត្រូវម្ចាស់ទីតាំងអនុញ្ញាតឲ្យភ្ញៀវជក់បារី និងបោះចោលកន្ទុយបារី។ និងអ្នកគ្រប់គ្រងបន្ទប់មិនបិទឌីហ្សង់ទ័រ។

ស្ត្រីម្នាក់ឈ្មោះ ហុង ប៊ីរ៉ាវី ជាមេការទទួលខុសត្រូវក្លឹបខារ៉ាអូខេកូប្រាហ្គោលបានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺមានភ្ញៀវមួយក្រុមជនជាតិចិនបានចូលបន្ទប់លេខ១៨ បន្ទាប់ភ្ញៀវបានសុំប្តូរទៅបន្ទប់ផ្សេង។ ព្រោះថាបន្ទប់១៨នេះតូចពេក។ ប្រហែលជាង១ម៉ោងក្រោយក៏មានការឆោឡោដោយគេបានឃើញមានផ្សេងហុយចេញពីក្នុងបន្ទប់១៨នេះ។

ស្រ្តីឈ្មោះ ហុង ប៊ីរ៉ាវី បន្តថាបុគ្គលិកទាំងអស់ក៏នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ហើយភ្ញៀវកំពុងច្រៀងនៅជាន់ក្រោមក៏នាំគ្នារត់ចេញដោយមិនបានគិតលុយអ្វីទាំងអស់។ ដោយឃើញសភាពការណ៍ធ្ងន់ធ្ងរពេកក៏សម្រេចចិត្តទូរស័ព្ទទៅអង្គភាពពន្លត់អគ្គីភ័យ។

ដោយឡែកលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្កាពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមថា ករណីអគ្គីភ័យនេះក្រោយពីធ្វើការស្រាវជ្រាវរួចមក គណៈកម្មកាជំនាញបានសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តភ្លើង។ ក្រោយពីភ្ញៀវសុំប្តូរបន្ទប់អ្នករៀបចំបន្ទប់គាត់ភ្លេចបិទឌីហ្សង់ទ័រ។

លោកថា ករណីអគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០មេសា ទៅលើទីតាំងក្លឹបខារ៉ាអូខេកូប្រាហ្គោលស្ថិតនៅផ្លូវលេខ២៥៤ កែងផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ក្នុងហេតុការណ៍នេះពុំបណ្តាលឲ្យគ្រោះថ្នាក់អាយុជីវិតមនុស្សទេ តែក្រុមពន្លត់អគ្គីភ័យ២នាក់ថប់នឹងផ្សែងភ្លើងខ្លាំងពេកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក ព្រហ្ម យ៉ន បន្តថា រថយន្តពន្លត់អគ្គីភ័យបានចេញអន្តរាគមន៍ចំនួន១៣គ្រឿង ប្រើប្រាស់ទឹក៥២ជើង។

គួរបញ្ជាក់ថា សមាសភាពចូលរួមបង្កើតគណៈកម្មការត្រួតពិនិត្យកន្លែងកើតហេតុមាន៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ លោកវរសេនីយ៍ទោ អ៊ុំ ប៊ុនអឿន នាយរងការិយាល័យបង្កាពន្លត់អគ្គីភ័យ លោកវរសេនីត្រីយ៍ ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌដូនពេញ លោក សាយ ចន្ន ចៅសង្កាត់ចតុមុខ និងលោក ជួប សុគន្ធ នាយនគរបាលប៉ុសិ៍្តរដ្ឋបាលចតុមុខ។

ដោយឡែកលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងដែរថា ទីតាំងខារ៉ាអូខេនេះបានហួសសុពលភាពអាជ្ញាបណ្ណប្រហែល៤ឆ្នាំហើយ មិនបានទៅបន្តអាជ្ញាបណ្ណនៅក្រសួងទេសចរណ៍នៅឡើយទេ។ បញ្ហានេះអាជ្ញាធរខណ្ឌនិងមានវិធានការកោះហៅម្ចាស់ទីតាំង ៕ តាឡឹម