ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសពអតីតថៅកែសណ្ឋាគាឆាយហុងដែលធ្លាក់ពីលើម៉ូតូទឹកលិចបាត់៤ថ្ងៃនោះហើយ

ភ្នំពេញ៖ សពអតីតថៅកែសណ្ឋាគារឆាយហុង  ដែលធ្លាក់ពីលើទឹកលិចបាត់រយះពេល៤ថ្ងៃមកហើយ ទើបរកឃើញសាកសពអណ្តែតទឹកនៅម្តុំកន្លែងបាត់ខ្លួននោះតែម្តង ខណៈបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែកាយតាមដងទន្លេមេគង្គ ម្តុំកោះដាច់ នេះបើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យភ្នាក់ងារនគរវត្ត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមគ្រួសារបានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរ ឥស្លាមដែលនេសាទនៅម្តុំនោះ  ។
សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះ ឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុស អាយុប្រមាណ៤៧ឆ្នាំ   ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
គួរបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ ខែសីហា  ឆ្នាំ២០១៨ នៅចំណុច ដងទន្លេមេគង្គក្នុងភូមិល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រហូតមកដល់រសៀល ថ្ងៃទី២៩ ខែសីហា នេះ គឺរយះពេល៣យប់ ៣ថ្ងៃ សព ត្រូវក្រុមគ្រួសាររកឃើញនៅឡើយនេះ ។
តាមនគរបាល បានឲ្យដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ  ។ មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក  ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៏បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក ហើយទើបតែរកឃើញនៅពេលនេះ ។
សាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ