ព័ត៌មានទាន់ហេតុការណ៍៖

រកម្ចាស់ម៉ូតូដែលត្រូវក្រុមចោរលួចហើយយកទៅទុកក្នុងគុម្ពោតព្រៃឃើញហើយ

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ៣ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបានអះអាងថា ខ្លួនជាម្ចាស់ម៉ូតូ ដែលសមត្ថកិច្ចបង្រ្កាបបាន រួមទាំងជនស្ស័យមួយក្រុមដែលធ្វើសកម្មភាពលួចម៉ូតូ ហើយយកទៅលាក់ទុកក្នុងព្រៃ កាលពីវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីលួចកាច់កម៉ូតូមួយគ្រឿង ដែលមានម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BZ-5958 ដែល ក្រុមចោរ យកមកលាក់ទុកក្នុងព្រៃបម្រុងយកចេញ។ ជនសង្ស័យចំនួន៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយ និងម៉ូតូដែលជនសង្ស័យជិះ ម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CW-5779 មួយគ្រឿង និងម៉ាកZoomer-X ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GG-7230 ។

លុះមកដល់វេលាម៉ោង១៦ និង៣០នាទីថ្ងៃខែឆ្នាំដដែល មានបុរសម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ៣ហើយបានអះអាងថាខ្លួនជាម្ចាស់ម៉ូតូ ដែលក្រុមចោរលួចយកទៅលាក់ទុកក្នុងព្រៃនោះ។ បុរសនោះបានបន្តទៀតថា ខ្លួនមានឈ្មោះ យុទ្ធ រ៉ាម៉ាញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាដែក ស្នាក់នៅបច្ចុប្បន្ន នៅបន្ទប់ជួលក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយបានកាន់កាតគ្រីម៉ូតូម្ចាស់ដើម និងលិខិតទិញលក់ភ្ជាប់មក។

បុរសខាងលើបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ បានជិះម៉ូតូដែលមានខាងលើត្រលប់មកពីធ្វើការ ដាក់ម៉ូតូនៅមុខបន្ទប់ដូចរាល់ដង ហើយបិទរបង ស្រាប់តែព្រឹកឡើងរកម៉ូតូមិនឃើញទើបដឹងថាត្រូវចោរលួចកាច់បាត់ហើយ ហើយខ្លួនមិនទាន់បានទៅដាក់ពាក្យបណ្តឹងនៅឡើយទេ លុះពេលរសៀលថ្ងៃទី២០ស្រាប់តែឃើញព័ត៌មានផ្សាយ ម៉ូតូដែលជនសង្ស័យលួចបានយកមកលាក់ទុកក្នុងគុម្ពព្រៃ ជាម៉ូតូរបស់ខ្លួនដែលបាត់ពិតប្រាដកមែន។ បុរសខាងលើបានបន្ថែមទៀតថា ម៉ូតូនេះជាម៉ូតូរបស់បងខ្លួន ដែលបានទិញបន្តពីគេ ដោយបានធ្វើលិខិតស្នាមត្រឹមត្រូវ ។

ទោះយ៉ាងណាសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ បានឲ្យបុរសខាងលើដែលអះអាងថាជាម្ចាស់ម៉ូតូ ឲ្យធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោយភ្ជាប់ ឯកសារ ពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ និងសាកសួរដំណើររឿងបន្ថែម ទើបប្រគល់ម៉ូតូជូនម្ចាស់វិញ ចំណែកជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងការសង្ស័យនៅឡើយនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែន សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ៕​ សុខាសែនជ័យ