ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រដ្ឋបាលរាជធានីភ្នំពេញកំពុងជីកស្តារប្រឡាយទួលពង្រ១ប្រវែងជាង១៥០០ម៉ែត្រ ដើម្បីកាត់បន្ថយការលិចលង់ នៅតំបន់ ភាគខាងលិចរាជធានី

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការស្តារលូ ស្តារប្រឡាយ រួមនិងការកសាងស្ថានីយបូបទឹកថ្មីជាច្រើនកន្លែងផងដែរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ មេសានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញមួយក្រុមចុះធ្វើការពិនិត្យ ក្រុមការងារ ដែលកំពុងធ្វើសកម្មភាពជីកស្តារប្រឡាយទួលពង្រ១ប្រវែងជាង១៥០០ម៉ែត្រ ដែលប្រឡាយមួយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពី តំបន់មុខសាលាក្តីខ្មែរក្រហម ជម្ពូវ័ន្ត រង្វង់មូលចោមចៅ និងតំបន់ បន្ទាយង៧០ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងផែនការកាត់បន្ថយទឹកលិចនៅតំបន់មុខសាលាក្តីខ្មែរក្រហម ជម្ពូវ័ន្ត រង្វង់មូលចោមចៅ និងតំបន់ ង៧០ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជីកស្តារប្រឡាយទួលពង្រ១ ប្រវែង ១៥១០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវរោងចក្រតុងហ្កា ដល់ផ្លូវបេតុងទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកបន្ដថា៖ ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។ តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជានៅ ទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកឲ្យបាន៣ដង ក្នុង១ម៉ោង លើសមត្ថភាពបច្ចុប្បន្ន ៕ សំរិត