ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ស្នើ​សុំ​ ICC​ អង្គរ​ជួយ​ធ្វើ​ផែនការ​យុទ្ធសាស្ដ្រ​ដើម្បី​ អភិរក្ស​និង​អភិវឌ្ឍ​តំបន់​ភ្នំ​គូលែន​

​ភ្នំពេញ​ ៖​ លោក​ សាយ​ សំ​អាល់​ រដ្ឋ​ មន្ដ្រី​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​គណៈ​ក​ម្មា​ ធិ​ការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​ កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្ដិ​ សាស្ដ្រ​អង្គរ​ (ICC​ Angkor)​ ជួយ​រៀប​ ចំ​ផែនការ​យុទ្ធសាស្ដ្រ​ក្នុង​ការ​គ្រប់គ្រង​ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទំនៀម​ ទម្លាប់​របស់​ប្រជាជន​ក៏​ដូច​ជា​អភិរក្ស​ ជីវចម្រុះ​ដែល​មាននៅ​តំបន់​ភ្នំ​គូលែន​ ។​

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ លើក​ទី​២៤​របស់​អាយ​ស៊ី​ស៊ី​អង្គរ​ដែល​ ប្រព្រឹត្ដ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​នៅ​ក្នុង​ខេត្ដសៀមរាប​ ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ ចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​រួម​នឹង​សហ​ប្រធាន​គណៈកម្មាធិការ​អន្ដរជាតិ​ អាយ​ស៊ី​ស៊ី​-​អង្គរ​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បាន​ គូសបញ្ជាក់​ថា​ ការ​ស្នើ​សុំ​ជំនួយ​ពី​គណៈ​ ក​ម្មា​ធិ​ការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ក្នុង​ការ​ជួយ​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងបរិស្ថាន​បាន​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​របស់​ខ្លួន​ដោយ​ធ្វើ​ ទំនើប​កម្ម​ស្ថាប័ន​របស់​ខ្លួន​តាម​រយៈ​ការ​កែសម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​ដឹកនាំ​ការ​កែ​លម្អ​ក្របខ័ណ្ឌគតិយុត្ដិ​ការ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​និង​ ការ​កសាង​និង​ពង្រឹងសមត្ថភាព​មន្ដ្រី​រាជ​ ការ​ពង្រឹង​កិច្ច​គាំពារ​បរិស្ថាន​ការ​អភិ​ រក្ស​ជីវចម្រុះ​តាម​រយៈ​ការ​ពង្រឹង​សកម្មភាព​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​និង​ការ​រស់នៅ​ដោយ​ចីរភាព​តាម​រយៈ​ការ​គិតគូរ​ អំពី​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​នឹង​ការ​ អភិរក្ស​។​

​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៣​ ឡាយព្រះហស្ដ​ លេខា​ដោយ​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ​វរ្ម័ន​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​តំបន់​ភ្នំ​គូលែន​ជា​ផ្នែក​ មួយ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ដែល​ត្រូវ​គ្រប់​ គ្រង​និង​ការពារ​ដោយ​ក្រសួងបរិស្ថាន​ ។​ ឧទ្យាន​ជាតិ​នេះ​មានឈ្មោះ​ថា​ឧទ្យាន​ជាតិ​ ព្រះ​ជ័យ​វរ្ម័ន​-​នរោត្ដម​ដែល​មាន​ផ្ទៃដី​ សរុប​ប្រមាណ​៣៧.៥០០​ហិ​កតា​និង​មាន​ ទីតាំង​ស្ថិត​ក្នុង​ខេត្ដសៀមរាប​ ។​ សក្ដា​ នុ​ពល​ចម្បង​ដែល​តំបន់​ភ្នំ​គូលែន​បាន​ ផ្ដល់​ឱ្យ​រាជធានី​អង្គរ​រហូត​មក​ដល់​សព្វ​ ថ្ងៃ​គឺ​“​ប្រភព​ទឹក​”​ដែល​ជា​ប្រភព​ធនធានធម្មជាតិ​មួយ​ដ៏​ចាំបាច់​បំផុត​ក្នុង​ការ​ជួយ​បង្កើត​ឱ្យ​មាន​ជីវចម្រុះ​ធ្វើ​ឱ្យ​មាន​លំនឹង​ធម្មជាតិ​និង​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ របស់​មនុស្ស​ទៀត​ផង​។​ តាម​រយៈ​ការ​ ស្រាវជ្រាវ​និង​រុករក​នៅ​លើ​ភ្នំ​គូលែន​ ចាប់តាំងពី​ចុង​សតវត្ស​ទី​១៩​មក​ប្រាសាទ​ បុរាណ​ជា​ច្រើន​ត្រូវ​បាន​កត់ត្រា​និង​ចុះ​ ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ប្រាសាទបុរាណ​។​ ប្រាសាទបុរាណ​ទាំងនោះ​ភាគច្រើន​ត្រូវ​ បាន​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​នា​ដើម​សតវត្ស​ទី​៩​និង​ប្រាសាទ​មួយ​ ចំនួន​ទៀត​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រាជ​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ សតវត្ស​ទី​១៣​។​ ដោយសារ​ទីតាំង​ភូមិសាស្ដ្រ​និង​លក្ខណៈ​ល្អ​ប្រសើរ​ពី​ធម្មជាតិ​តំបន់​ភ្នំ​គូលែន​បាន​ក្លាយទៅជា​ប្រភព​ធនធាន​ដ៏​មាន​សារ​ សំខាន់​និង​ពោរពេញ​ទៅ​ដោយ​សក្ដា​ នុ​ពល​ខ្ពស់​ទាំង​ខាង​ផ្នែក​វប្បធម៌​និង​ធម្ម​ ជាតិ​។​

​លោក​ សាយ​ សំ​អាល់​ បាន​ថ្លែង​ថា​ ដោយសារ​តែ​សក្ដានុពល​នៃ​តំបន់​នេះ​ មាន​ទំហំ​ធំ​ទាមទារ​ឱ្យ​មានការ​រៀបចំ​ផែន​ ការ​យុទ្ធសាស្ដ្រ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​តំបន់​នេះ​ហើយ​គណៈកម្មាធិការ​ អាយ​ស៊ី​ស៊ី​-​អង្គរ​ដែល​ប្រជុំ​ទៅ​ដោយ​ អ្នកជំនាញ​និង​មានការ​គាំទ្រ​ពី​ប្រទេស​ ជា​ច្រើន​ក្នុង​ពិភពលោក​នឹង​អាច​ជួយ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​នេះ​។​ លោក​បាន​ ថ្លែង​បន្ដ​ថា​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​មាន​ សុខ​សន្ដិភាព​ពេញលេញ​តំបន់​ភ្នំ​គូលែន​មិនមែន​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​ទៀត​ឡើយ​ហើយ​បច្ចុប្បន្ន​ក្រសួង​បាន​និង​កំពុង​ធ្វើ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ នានា​ដើម្បី​គ្រប់គ្រង​តំបន់​នេះ​ឱ្យ​បាន​ល្អ​ ដោយ​រួម​ទាំង​សហការ​ជាមួយ​ស៊ី​ម៉ាក់​ ធ្វើការ​បោសសម្អាត​គ្រាប់​មីន​និង​យុទ្ធ​ ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ ចេញពី​តំបន់​នោះ​ឱ្យ​អស់​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​បាន​បន្ថែម​ថា​ ដោយ​មាន​គោលការណ៍​ពី​រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​ក្នុង​ការ​ពិនិត្យ​មើល​ការ​ធ្វើ​ផែនទី​ឯកភាព​ក្រសួងបរិស្ថាន​បាន​និង​ កំពុងធ្វើការ​ងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួងកសិកម្ម​ក្នុង​ការ​ផ្សារ​ភ្ជាប់​តំបន់​អភិរក្ស​របស់​ក្រសួងកសិកម្ម​និង​របស់​ក្រសួងបរិស្ថាន​ពី​ព្រំដែន​ថៃ​រហូត​ មក​ដល់​តំបន់​ទន្លេសាប​ ។​

​ចំពោះ​សំណើ​នេះ​ត្រូវ​បាន​ទទួល​ស្វា​ គម​ន៍​ពី​សំណាក់​សហ​ប្រធាន​គណៈកម្មាធិការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​និង​អ្នក​ ចូលរួម​ក្នុង​សន្និសីទ​របស់​គណៈ​ក​ម្មា​ធិ​ ការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​អង្គរ​ ៕ សហការី​

Sahakarey001-(5)

Sahakarey001

Sahakarey001-(1)

Sahakarey001-(2)

Sahakarey001-(3)

Sahakarey001-(4)