ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់ទីក្រុងព្យុងយ៉ាង

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្តាហ៍នេះ ដើម្បីរៀបចំដំណើរ ទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាង និងមុនពេលប្រធានាធិបតីត្រាំជួបពិភាក្សាជាមួយគីម ជុងអ៊ុន។

តាមគម្រោង រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង រយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភា។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី កើតឡើងក្នុងពេលដ៏សំខាន់ដែល កូរ៉េខាងជើង បានសន្យាបោះបង់កម្មវិធី បរមាណូ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កូរ៉េខាងជើងបានសម្រេចប្តូរពេលវេលា ឲ្យ ស្របគ្នាវិញជាមួយកូរ៉េខាងត្បូង ក្រោយ ពេលកូរ៉េខាងជើង បានប្តូរម៉ោងខុសគ្នា ប៉ុន្មានឆ្នាំកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទបានផ្សាយថា សភាប្រជាជនកូរ៉េខាងជើងបានអនុម័តក្រឹត្យ មួយស្ដីពីការប្ដូរម៉ោងក្នុងតំបន់របស់ខ្លួន ឱ្យដូចគ្នាជាមួយ កូរ៉េខាងត្បូងជាថ្មីឡើងវិញ ដោយចាប់ផ្ដើម ឡើងនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ ដើម្បី ចូលរួមលើកកម្ពស់ការផ្សះផ្សា និង ឯកភាពរវាងប្រទេសទាំងពីរ។

ការសម្រេចចិត្តរបស់កូរ៉េខាងជើង កើត មានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានលើកឡើងពីសំណើដ៏គួរឱ្យភ្ញាក់ផ្អើលជុំវិញការប្ដូរម៉ោងតំបន់ឱ្យត្រូវគ្នាជាមួយកូរ៉េខាងត្បូងវិញ នៅអំឡុងនៃកិច្ចប្រជុំកំពូលអន្តរ កូរ៉េជាមួយលោក មូន ជេអុីន កាលពីថ្ងៃ​សុក្រសប្ដាហ៍មុន។

ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សភាប្រជាជនកូរ៉េខាងជើងបានអះអាងថា ការសម្រេចចិត្តប្ដូរម៉ោងឱ្យត្រូវគ្នានឹងទីក្រុងសេអ៊ូល គឺជាការអនុវត្តដំណាក់កាលដំបូងសម្រាប់ការផ្សះផ្សា និងឯកភាពរវាង កូរ៉េទាំងពីរ… ហើយលើសពីនេះទៅទៀត លោក គីម ជុងអ៊ុន យល់ថា វាគឺជារឿងឈឺចាប់ដែលទីក្រុងព្យុងយ៉ាង និងទីក្រុង សេអ៊ូលមានម៉ោងខុសគ្នា ដូច្នេះលោកស្នើ​ឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានម៉ោង ដូចគ្នា មុននឹងធ្វើអ្វីមួយផ្សេងៗទៀត»។

គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងជើងបានសម្រេចិត្តប្ដូរម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទី ពោលគឺពីដំបូង ឡើយ ម៉ោងរវាងប្រទេសទាំងពីរ គឺស្ថិត នៅក្នុងល្វែងម៉ោងដូចគ្នា (លើសម៉ោង សកលលោក ៩ម៉ោង)។ ប៉ុន្តែដើម្បីលុបចេញនូវមរតកបន្សល់ទុកពីអាណានិគម ជប៉ុន (ឆ្នាំ១៩១០-១៩៤៥) នៅលើឧបទ្វីប កូរ៉េ ទើបកូរ៉េខាងជើងកាលណោះ បានប្ដូរល្វែងម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទី វិញគឺ (លើសម៉ោងសកល ៨និង៣០ នាទី)។

នៅក្នុងព្រឹត្តិការពាក់ព័ន្ធនេះដែរ ពល រដ្ឋកូរ៉េខាងត្បូងជាច្រើន កំពុងរៀបចំយុទ្ធ នាការអនឡាញមួយ ដើម្បីអំពាវនាវស្នើសុំដាក់បេក្ខភាពប្រធានាធិបតី Moon Jae-in សម្រាប់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំក្រោយ បន្ទាប់ពីលទ្ធផលវិជ្ជមាននៃជំនួប កំពូលកូរ៉េទាំងពីរត្រូវបានបញ្ចប់ -នេះបើតាម Korea Times ។

អ្នកតំណាងរាស្ត្រ Chun Jung-bae បានសរសេរលើ Twitter ថា ខ្ញុំសង្ឃឹម ថាលោក Moon នឹងទទួលបានរង្វាន់ ណូបែលសន្តិភាព ក្រោយសន្និសីទកំពូលអន្តរកូរ៉េទទួលបានជោគជ័យ យ៉ាងត្រចះ ត្រចង់ ។

ទន្ទឹមនោះទីភ្នាក់ងារព័ត៌មានធំៗ ក្នុង នោះមាន BBC ក៏បានព្យាករថា លោកមូន អាចជាជ័យលាភីនៃពានរង្វាន់ណូបែល សន្តិភាពឆ្នាំ ២០១៩ ។

ចំណែកអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង Roh Hoe-chan ដែលជាមេដឹកនាំគណបក្សស្តាំនិយមថ្លែងថា ពានរង្វាន់នេះគប្បីត្រូវបានចែករំលែកជូនទៅមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ ។

គួររំលឹកថា អតីតប្រធានាធិបតីកូរ៉េខាង ត្បូង Kim Dae-Jung បានទទួលពានរង្វាន់សន្តិភាពនៅឆ្នាំ ២០០០ ព្រោះតែកិច្ចប្រឹងប្រែងក្នុងការកែសម្រួលទំនាក់ទំនងជា មួយកូរ៉េខាងជើង ។ ដំណើរការស្នើបេក្ខ ភាពពានរង្វាន់ណូបែលសន្តិភាពនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមករា រៀងរាល់ឆ្នាំ ហើយលទ្ធផលនឹងប្រកាសផ្សាយនៅក្នុងអំឡុងខែតុលា ឆ្នាំដដែល ៕ ម៉ែវ សាធី