ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិន៖ បរទេសមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងបញ្ជាក់ថា បរទេសមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ ប្រទេសកម្ពុជាក្រោយការបោះឆ្នោតនោះទេ។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើឡើងក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ប្រទេសសិង្ហបុរីកាលពីថ្ងៃពុធ ៥រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិនគឺបន្ទាប់ពីមានរដ្ឋាភិបាលបរទេសមួយចំនួនបានរិះគន់ការបោះឆ្នោតនៅកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨កន្លងទៅថា គ្មានភាព សេរី ត្រឹមត្រូវ យុត្តិធម៌ មិនតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ និងមិនអាចទទួលយក បានឡើយ ។

រដ្ឋមន្ត្រីការបរទេសចិនក៏បានអបអរសាទរកម្ពុជាផងដែរដែលបានរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ហើយ បានសន្យាថា ចិននឹងបន្តជួយកម្ពុជាក្នុងការ រក្សាស្ថិរភាព និងការអភិវឌ្ឍ ។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅក្នុងជំនួបនេះភាគីទាំង២បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន បញ្ហាតំបន់ និងអន្តរជាតិ ៕ ហេង សូរិយា