ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថាចិនបានគំរាមដល់អធិបតេយ្យប្រទេសផ្សេងទៀតនៅសមុទ្រចិនភាគខាងត្បូង

រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនថា «ខ្ញុំ សូមបញ្ជាក់ពីក្តីបារម្ភ ចំពោះការខិតខំ របស់ចិន ក្នុងការសាងសង់ទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូង ដែលបង្ក គ្រោះថ្នាក់ដល់សេរីភាពចរាចរណ៍នៅលើដែនសមុទ្រសម្រាប់នាវាដឹកទំនិញ និង គំរាមកំហែងដល់ដែនអធិបតេយ្យ និង ស្ថិរភាព ប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រោយបញ្ចប់ ការអមដំណើរប្រធានា ធិបតីត្រាំ ទៅជួបពិភាក្សាជាមួយកូរ៉េខាង ជើង នៅសិង្ហបុរី រដ្ឋមន្ត្រីការបរទេស អាមេ រិកលោក Mike Pompeo បានបន្តបំពេញ ទស្សនកិច្ច នៅប្រទេសតំបន់អាស៊ីភាគ ខាកើត ។ ក្រោយពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាង ត្បូង និងជប៉ុន រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ផងដែរ។

មានប្រសាសន៍នៅក្នុងសន្និសីទ កាសែត នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៤ខែ មិថុនា លោកបានថ្លែងអំណរគុណដល់ ប្រធានាធិបតីចិនស៊ី ជីនពីងដែលបានខិតខំជំរុញឲ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េ។ ក្រោយការសរសើរ លោកPompeo ក៏បាន រិះគន់ដល់សកម្មភាពរបស់ចិន នៅសមុទ្រ ចិនភាគខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅក្នុងតំបន់។

អតីតនាយកCIA រូបនេះបញ្ជាក់ ទៀតថា «ខ្ញុំសូមបញ្ជាក់ជាថ្មីពីក្តីបារម្ភ របស់យើងខ្ញុំទៅលើការសាងសង់ទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូង ដែលបង្កគ្រោះថ្នាក់ដល់សេរីភាពចរាចណ៍ និង ស្ថិរភាព សន្តិសុខនៅក្នុងតំបន់ ។

ចំណែករដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ក៏បានបញ្ជាក់ផងដែរថា ចិននឹងដោះស្រាយវិវាទនៅសមុទ្រចិនភាគខាង ត្បូងដោយសន្តិភាព មិនចាំបាច់មានការ បង្ខំឬ គំរាមកំហែង ណាមួយឡើយ។

ក្រៅពីនេះចិនក៏បានប្រឆាំងនឹងសកម្មភាពរបស់អាមេរិកដែលមិនគោរពគោល នយោបាយចិនតែមួយ ដោយអាមេរិកបានសម្ពោធស្ថានទូតរបស់ខ្លួននៅលើកោះតៃវ៉ាន់។ កាលពីថ្ងៃទី១២ខែមិថុនា អាមេរិក បានសម្ភោធ វិទ្យាស្ថាន នៅលើកោះតៃវ៉ាន់ ដែលនៅក្នុងនោះមានទាំងស្ថានទូតអាមេរិកផងដែរ រងការប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន៕ ម៉ែវ សាធី