ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់៖ ការចុះកិច្ចព្រមព្រៀងបរមាណូគឺជាការខុសឆ្គង

នៅថ្ងៃទី២០ ខែសីហា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់បានប្រកាសថា ការដែលអុីរ៉ង់ចូលរួមចុះកិច្ចព្រមព្រៀងបរមាណូអន្តរជាតិជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥ គឺជាកំហុសមួយ។ កិច្ចព្រមព្រៀងនោះកំពុងតែប្រឈមនឹងការខាតបង់ដោយសារតែការ «ញៀនដាក់ទណ្ឌកម្ម» របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន CNN បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Javad Zarif បញ្ជាក់ថា អាមេរិកកំពុងតែ «មានជំងឺ» ម្យ៉ាងគឺជំងឺញៀនដាក់ទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកទៅលើអុីរ៉ង់ ក៏ត្រូវបានលុបចោលតាមកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ជាការដោះដូរអុីរ៉ង់ត្រូវផ្អាករាល់សកម្មភាពបរមាណូ។ ប៉ុន្តែបច្ចុប្បន្ន ការដាក់ទណ្ឌកម្មបានដំណើរការឡើងវិញ ក្រោយពេលលោក ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ។

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់បញ្ជាក់ថា នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរមាណូគឺជាការខុសឆ្កងទៅហើយ ដោយសារតែអុីរ៉ង់ជឿលើអាមេរិក។ នៅពេលនេះដែរ លោក Javad Zarif បញ្ជាក់ថានឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអាមេរិកទៀតនោះឡើយ ដោយអាមេរិកជាប្រទេសមិនដែលគោរពដល់អ្វីដែលខ្លួនបានព្រមព្រៀងនោះឡើយ។

នៅពេលនេះដែរ អុីរ៉ង់បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីបន្តវិស័យពាណិជ្ជកម្ម និងលក់ប្រេងបានធម្មតា។ ក្រៅពីនេះ អុីរ៉ង់នៅតែបន្តសកម្មភាពផលិតមីស៊ីល និងបំពាក់អាវុធទំនើបៗទៅលើនាវាចម្បាំងរបស់ខ្លួនដើម្បីការពារដែនសមុទ្រ។

សារព័ត៌មានរ៉យទ័របានផ្សាយថា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Hossein បានអះអាងថា កងនាវាអ៊ីរ៉ង់បានបំពាក់ ប្រព័ន្ធការពារមីស៊ីលផលិតនៅក្នុងស្រុកដ៏ទំនើបចុងក្រោយបំផុតជាលើកដំបូងលើនាវាចម្បាំងមួយគ្រឿង ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រហ្គូល (Gulf)។

ការអះអាងខាងលើរបស់លោក Hossein ធ្វើឡើងបន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងនៅដើមខែសីហានេះថាខ្លួនបាន ដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកនៅក្នុងតំបន់ឈូងសមុទ្រហ្គូល ដើម្បីពង្រឹងសមត្ថភាពប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ សត្រូវជាពិសេសគឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ចំណែកឯទីក្រុងវ៉ាស៊ីនតោន ក៏បានទទួលស្គាល់ដែរថា អ៊ីរ៉ង់បានបង្កើនសកម្មភាពកងទ័ពជើងទឹក នៅតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនៅក្នុងតំបន់ដែលអ៊ីរ៉ង់គំរាមបិទខ្ទប់។

គួរបញ្ជាក់ថា បើតាមលោក Hossein ប្រព័ន្ធការពារមីស៊ីលឈ្មោះ Kamand ត្រូវបានធ្វើតេស្ដសាកល្បងបាញ់ក្នុងរយៈចម្ងាយខ្លីដោយជោគជ័យ និងត្រូវបានបំពាក់លើនាវាចម្បាំង១គ្រឿង ហើយវានឹងត្រូវបំពាក់លើនាវាចម្បាំងទី២ក្នុងពេលឆាប់ៗនេះ៕ ម៉ែវ សាធី