ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកត្រូវលោក ត្រាំ ដកតំណែងក្រោយបាត់បង់ការគ្រប់គ្រងសភា

ប្រធានាធិតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដកតំណែងមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Sessions ក្រោយពេលលោក ត្រាំ បង្ហាញការខកចិត្តចំពោះសកម្មភាពដោះស្រាយបញ្ហាស្រាវជ្រាវជុំវិញការជ្រៀតជ្រែកពីរុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក។

បណ្តាញព័ត៌មាន CNN បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Sessions ដែលបាននិយាយនៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ថា «តាមសំណើររបស់គាត់ ខ្ញុំសូមដាក់លិខិតលាលែងពីតំណែង»។

នៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានប្រកាសតែងតាំង លោក Matthew Whitaker ប្រធានការិយាល័យរបស់លោក Sessions ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោក ត្រាំ បានអរគុណដល់លោក Sessions ដែលបានលះបង់ក្នុងរយៈពេលកន្លងមកដើម្បីបំពេញការងាយ៉ាងល្អ។

លោក Jeff Sessions ជាសមាជិកព្រឹទ្ធសភាដំបូងគេបង្អស់ដែលគាំទ្រលោក ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ ប៉ុន្តែក្រោយមក លោក Sessions បានក្លាយទៅជាគោលដៅនៃការវាយប្រហារ រិះគន់ពីប្រធានាធិបតី ដូណាល់ ត្រាំ។

កន្លងមក លោក ត្រាំ បានបង្ហាញពីការខកចិត្តចំពោះ លោក Sessions ដែលបានដកការស្រាវជ្រាវជុំវិញការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅអាមេរិក។ លោក ត្រាំធ្លាប់បានប្រកាសថា លោក Sessions មិនមែនជារដ្ឋមន្ត្រីយុត្តិធម៌ឡើយ។

នៅពេលនេះការដឹកនាំរបស់លោក ត្រាំ ក្នុងរយៈពេល២អាណត្តិចុងក្រោយនេះ នឹងជួបនូវផលលំបាកយ៉ាងខ្លាំង ពេលដែលបាត់បង់ការគ្រប់គ្រងរដ្ឋសភាធ្លាក់ទៅក្នុងដៃក្រុមគណបក្សប្រជាធិបតេយ្យ។ ទាំងនោះហើយ ធ្វើឲ្យលោក ត្រាំ ពិបាកនៅក្នុងការសម្រេចនយោបាយនានា ដែលតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមិនពេញចិត្ត៕ ម៉ែវ សាធី