ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិកម្មរឿងមេគណខេត្តកំពង់ធំ វាយកម្ទេចព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រតិកម្ម និងសម្តែងការហួសចិត្ត ចំពោះចៅអធិការវត្តឥន្ទ្រីសវរៈ និងជាមេគណខេត្តកំពង់ធំ ដែលវាយកម្ទេចព្រះវិហារ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅទីរួមខេត្តកំពង់ធំ ដែលត្រូវបានចុះជាសម្បត្តិ បេតិកភណ្ឌជាតិ នៅឆ្នាំ២០០៧នោះ នៅថ្ងៃទី១ ខែកញ្ញា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ក៏បានចេញមកសម្តែងការហួសចិត្ត នឹងចៅអធិការវត្តនេះផងដែរ និងបានបញ្ជាក់ថា មន្ត្រីជំនាញរបស់ក្រសួងបាន ទៅហាមឃាត់ កុំវាយកម្ទេចនៅល្ងាច ស្រាប់តែព្រឹកឡើង ព្រះវិហារនោះ ខ្ទេចរាបដល់ដី។

ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី១ ខែកញ្ញា លោកស្រី ភឿង សកុណា បានបញ្ជាក់ថា លោកស្រីមិន យល់ទាល់តែសោះ ចំពោះការសម្រេចចិត្តដោយគ្មាន ការពិភាគ្សាជាមួយមន្ត្រីជំនាញបែបនេះ ព្រោះថាមុននឹងសម្រេចធ្វើអ្វីមួយចំពោះ ព្រះវិហារនេះ គឺត្រូវចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ប៉ុន្តែនៅពេលល្ងាចថ្ងៃ ដែលវាយបំផ្លាញព្រះវិហារនោះ មន្ត្រីជំនាញបានទៅជម្រាប ជូនលោកចៅអធិការវត្តថាកុំវាយ ហើយចៅអធិការមានសង្ឃដីកាថា ដឹងហើយ ស្រាប់តែស្អែកឡើង ព្រះវិហាររាបដល់ដី។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា «មន្ត្រីជំនាញទៅហាមឃាត់ពេលល្ងាច លោកថាអាត្មាដឹងហើយ ស្អែកឡើងទៅដល់រាបដល់ដី លោកប្រឹងសម្រុកវាយចោលទាំងយប់។ មិនយល់ ត្រង់ថាអ្នកដែលគួរជាអ្នកថែរក្សា បែរទៅជាប្រឹងបំផ្លាញទៅវិញ។ តើបានចំណេញអ្វី ពីការបំផ្លាញបេតិកភណ្ឌជាតិនេះ ក្រៅពីការឈឺចាប់សម្រាប់វប្បធម៌ខ្លួន?»។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រះវិហារវត្តឥន្ទ្រីសវរៈ គឺស្ថិតក្នុងចំណោមព្រះវិហារវ័យចំណាស់ជាង១០០ឆ្នាំ ដែលត្រូវបានអភិរក្ស ប៉ុន្តែគួរឲ្យសោកស្តាយចំពោះការវាយបំផ្លាញនេះ។ ក្រសួងកំពុងតែពិភាក្សាដើម្បីមានវិធានការចំពោះករណីវាយបំផ្លាញព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌជាតិនេះផងដែរ។

ជាមួយគ្នានេះ តាមរយៈប្រភពព័ត៌មានដដែល លោកស្រី ភឿង សកុណា បានអំពាវនាវចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមចូលរួមថែរក្សានូវព្រះវិហារ ដែលសម្បត្តិបេតិកភណ្ឌជាតិ មានអាយុកាលរាប់រយឆ្នាំ ឲ្យបានល្អមិនត្រូវវាយបំផ្លាញ ស្រេចតែចិត្តនោះឡើយ។

សូមជម្រាបថា ព្រះវិហារនៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅទីរួមខេត្តកំពង់ធំ ត្រូវបានព្រះមេគុណ និងជាព្រះចៅអធិការវត្ត ព្រមទាំងគណៈកម្មការវត្តទាំងអស់ សម្រេចជាឯកច្ឆ័នវាយចោលតាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដោយលើកហេតុផលថា ព្រះវិហារមួយនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសដំបូលព្រះវិហារតែម្ដង ដែលអាចដាក់រលំបង្កមានគ្រោះមហន្ដរាយ នៅពេលណាមួយនោះជាយថាហេតុ។

ប៉ុន្ដែការវាយកម្ទេចចោលព្រះវិហារវ័យចំណាស់មួយនេះ និងដែលត្រូវបានដាក់ជាបេតិកភណ្ឌជាតិ នៅឆ្នាំ២០០៧ផងនោះ បានទទួលការ រិះគន់ជាបន្ដបន្ទាប់ ពីមជ្ឈដ្ឋានជាច្រើន រហូតដល់ រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ទៀតផង ហើយអ្នករិះគន់ខ្លះបានប្រើពាក្យ ពេជ្យប្រមាថធ្ងន់ៗ ទៅលើព្រះចៅអធិការវត្តផងដែរ។

សម្រាប់លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook ផ្លូវការថា «វត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ត្រូវបានសាងសង់នៅឆ្នាំ១៦៣៣ ឯព្រះវិហារសាងសង់ឆ្នាំ១៩៤៨ ហើយដាក់ជាបេតភណ្ឌជាតិនៅឆ្នាំ២០០៧។ វិហារនេះមានរូបគំនូរបុរាណជាច្រើន។ តែពេលនេះព្រះ សង្ឃរាជវត្ត បានសំរេចឲ្យវាយចោលឥតស្តាយស្រណោះ»។

ឆ្លើយតបនៅការរិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់ និងតាមរយៈការផ្សព្វផ្សាយចែករំលែកព័ត៌មាន តាមបណ្ដាញសង្គម Facebook ជាច្រើននោះ ព្រះតេជគុណ សៀង សុខ ជាព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តមើលការខុសត្រូវ និងគ្រប់គ្រង់វត្តមួយនេះ បានចេញមកបកស្រាយពីការពិត និងលើកហេតុផលមួយចំនួន ដែលនាំឲ្យមានការវាយចោល ហើយធ្វើការកសាងព្រះវិហារឡើងវិញ តាមរយៈការចូលបច្ច័យពីពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំផងដែរ។

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រះតេជគុណ សៀង សុខ បានមានសង្ឃដីកាប្រាប់ប្រភពព័ត៌មានថា តាមពិតទៅគម្រោងជួសជុលព្រះវិហារឡើងវិញ រួមទាំងដំបូលផងនោះ គឺព្រះអង្គ រួមទាំងគណៈកម្មការវត្ត បានពិភាក្សានិងសម្រេចឲ្យ មានការជួលជុលច្រើនដង ប៉ុន្ដែធ្វើទៅមិនរួចដោយសារតែដំបូល ​ពុកផុយយ៉ាងខ្លាំង ហើយជញ្ជាំងអត់មានសសរគ្រឹះទៀតផង។

NKD-36x6_outline

ព្រះតេជគុណបានមានសង្ឃដីកាទៀតថា ព្រះវិហារនេះ ក៏ត្រូវបានក្រុមវិស្វករយល់ឃើញថា ព្រះវិហារនេះមិនអាចជួសជុលឡើងវិញ បាននោះឡើយ ហើយអាចបង្កគ្រោះថ្នាក់ទៀតផង។

ចំពោះរូបគំនូរនៅតាមជញ្ជាំងព្រះវិហារ ត្រូវបានព្រះតេជគុណលើកឡើងថា មានលក្ខណៈពិសេស ប៉ុន្ដែរូបគំនូរទាំងនេះត្រូវបានបាត់ បន្ដិចម្ដងៗ ជាពិសេសនៅក្នុងសម័យប៉ុល ពត មានការលាបម្ស៉ៅមីធ្វើឲ្យលុបបំបាត់ ហើយមកដល់ពេលនេះក៏រងការខូចខាត ជាច្រើនផងដែរ។ សម្រាប់មជ្ឈដ្ឋានជាច្រើន បានរិះគន់ដោយម្នាក់ៗ សោកស្ដាយការវាយសំណង់ ពីបុរាណជាពិសេស គឺរូបគំនូរ នៅតាមជញ្ជាំងព្រះវិហារ ដោយម្នាក់ចោទជាសំនួរថា ហេតុអ្វីទៅចាំវាយកម្ទេចចោល មិនទុកនៅដដែល ហើយសាងសង់ព្រះវិហារថ្មី។

ត្រង់ចំណុចនេះ ព្រះតេជគុណ សៀង សុខ បានមានសង្ឃដីកាថា នៅក្នុងវត្តកំពង់ធំ មានបរិវេណតូចចង្អៀតគ្មានកន្លែងណា ដែលអាចសាងសង់ព្រះវិហារថ្មីបាននោះឡើយ។

ជាមួយគ្នានេះ ក្មេងវត្តកំពង់ធំម្នាក់ ដែលបានរស់នៅ និងដេកពូនក្នុងវត្តនោះ ក៏ចេញមករៀបរាប់ពីផលលំបាកក៏ដូចជាស្ថានភាព​ប្រឈមជាច្រើនផងដែរ ចំពោះព្រះវិហារដ៏ចាស់ ទ្រុឌទ្រោមនេះ។

គណនី Facebook «Sinot Vai» បានចូលទៅComment នៅក្នុង Facebook របស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះថា «ខ្ញុំ​ជា​ក្មេង​វត្ត​ ស្នាក់​នៅ​វត្ត​កំពង់​ធំ​ អំឡុង​ឆ្នាំ​2013-2015​ ស្ថានភាព​ព្រះ​វិហារ​ពេល​នោះ​ ទ្រុឌទ្រោម​ណាស់​ហើយ​ ដំបូល​ធ្លុះធ្លាយ​ផ្នែក​ខាង​ជើង ​និង​ខាង​ត្បូង​ខ្លាំង​ ខាង​លិច ​និង​ខាង​កើត​ ក៏​ធ្លុះធ្លាយ​ដែរ​ ផ្នែក​ដំបូល​សត្វ​ប្រជៀវ​រស់​នៅ​រាប់ម៉ឺន​ក្បាល​ ជះ​ក្លិន​មិន​ល្អ​គ្រប់​ពេលវេលា​ ពេល​ភ្លៀង​ម្ដងៗ​ អាចម៌​ប្រជៀវ​ហូរ​ជាមួយ​ទឹក​ តាម​ផ្ទៃ​ជញ្ជាំង ​និង​សសរ​ជញ្ជាំង​ប្រេះ​ពុក​ផុយ​ សសរ​ក៏មិន​មាំ​ ផ្នែក​ខាងក្រោយ​ មាន​ជង្ហុក​ដោយ​សារ​បំណាក់​ស្រុត​។ ពេល​មាន​បុណ្យ​ទាន​ ម្ដងៗ​ពួក​ខ្ញុំ​ បោសសម្អាត​ពីរ ​ឬ​បី​ថ្ងៃ​មុន​ បើក​ទ្វារ​បង្អួច​ចោល​ បើ​មិន​ធ្វើ​ដូច្នេះ​ គឺ​ចូល​មិន​កើត​ទេ​​ ផ្ទៃ​នៃ​ផ្ទាំង​គំនូរ​មួយ​ចំនួន​មើល​ស្ទើរ​លែង​ឃើញ​ដោយ​សារ​អាចម៌​ប្រជៀវ​ ពិដាន​ពុក​ផុយ​ប្រេះ​ធ្លាក់​ ប្រហែល​នេះ​ជា​មូលហេតុ​។ អំឡុង​ពេល​នោះ​ មេគណ​ខេត្ត​ ទ្រង់​ក៏ខ្វល់​ព្រះ​ទ័យ​ដែរ​ ទ្រង់​ប្រជុំ​ និង​បញ្ហា​ជួសជុល​មិន​តិច​ដងទេ។ មួយ​វិញ​ទៀត​ គ្រប់​អ្នក​ពាក់ព័ន្ធ​ គ្មាន​នរណា​ម្នាក់​អើពើ​ និង​ស្ថានភាព​ព្រះ​វិហារ​សោះ​ ពិដាន​ខាង​លើ​ធ្លាប់​ធ្លាក់​ជិត​ត្រូវ​ពួក​ខ្ញុំ​ម្ដង​ដែរ​។ បើ​បន្ទោស​មេគណ​ខេត្ត ​និង​គណៈកម្មការ​ គឺមិន​ត្រូវ​ទាំង​ស្រុង​នោះ​ទេ​ ព្រោះ​ខាង​ធម្មការ​ម្ដេច ​មិន​ផ្ដល់​យោបល់​ ហើយ​អ្នក​ពាក់ព័ន្ធ​ម្ដេច​មិន​យក​ចិត្ត​ទុក​ដាក់​ផង»៕ ហេង សូរិយា