ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្ដីក្រសួងកសិកម្មអះអាងថាឆ្នំា២០១៨នេះក្រសួងនឹងជំរុញល្បឿននៃការដំាដុះបន្លែផ្លែឈើឲ្យបាន៦ម៉ឺនតោន

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាង ថាឆ្នំា២០១៨នេះ នឹងជំរុញ ល្បឿនការដំាដុះបន្លែផ្លែឈើឲ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗដើម្បី ឆ្លើយតបសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបាន ចាប់ផ្តើមពិភាក្សាជាមួយគ្រប់ប្រធានមន្ទីរកសិកម្មគ្រប់ខេត្ត ដើម្បីឈានទៅអនុវត្តន៍ផែនការ ផលិតបន្លែក្នុងស្រុកឲ្យបានចំនួន៦ម៉ឺនតោន ក្នុង១ឆ្នាំៗសម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងទិវាស្រូវអង្ករ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លោក វេង សាខុន បានលើក ឡើងថា រាជរដ្ឋាភិបាលគ្រោង ផ្តល់កញ្ចប់ថវិការហូតដល់៣០លានដុល្លារ អាម៉េរិក ដើម្បីសម្រេចផែនការ ផលិតបន្លែក្នុងស្រុកឲ្យបានចំនួន៦ម៉ឺនតោននេះ។

លោក បានបន្ថែមថា រាជរដ្ឋាភិបាលនឹងជួយផ្នែកបច្ចេកទេស ប្រព័ន្ធធារាសាស្រ្ត ដើម្បីបង្កលក្ខណៈ ងាយស្រួលចំពោះកសិករ ដែលមានដីចម្ការធ្វើដោយគ្មានជាតិគីមី តាមរយៈធ្វើកិច្ចសន្យា ប្រមូលទិញ និងការចរចាតម្លៃគ្នា។ លោកបានបន្ដថា កម្ពុជាសង្ឃឹមថាផែនការនេះ នឹងជួយកាត់បន្ថយការនាំចូល បន្លែផ្លែឈើពីក្រៅប្រទេស ចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលបន្លែចម្រុះ ពីក្រៅប្រទេសមានចំនួន ២០០តោន ទៅជាង៤០០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំង នោះភាគច្រើននាំ ចូលពីប្រទេសវៀតណាម និងប្រទេសថៃ ដែលកម្ពុជាបានចំណាយ ថវិកាជាង២០០លានដុល្លារ ក្នុងមួយឆ្នាំៗ៕