ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី

ភ្នំពេញ៖ នៅទីស្តីការក្រសួងកាលពី រសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និង នេសាទបានអនុញ្ញាតឲ្យ លោកស្រី Angela Corcoran ឯកអគ្គរាជ ទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងណែនាំ​កញ្ញា Amy Guihot ដែលជាមន្រ្តីបម្រើ ផ្នែកពាណិជ្ជកម្មកសិកម្មដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោកស្រីដែលបានជួយជ្រោមជ្រែងឲ្យប្រតិភូនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបាននាំមកនូវចំណេះ​ដឹងនិងបទពិសោធន៍ជាច្រើនអំពីខ្សែ ចង្វាក់ផលិតកម្មកសិកម្មនៃការនាំចេញ អង្ករចាប់តាំងពីការរៀបចំគោលនយោ​បាយរហូតដល់ផលិតផលសម្រេចនិង​ ការ​គ្រប់គ្រងទីផ្សាររួមទាំងផលិតកម្ម ចិញ្ចឹមគោយកសាច់សម្រាប់នាំចេញនិងជាពិសេសដំណើរទស្សនកិច្ចនេះទទួល បានពុទ្ធិមួយផ្នែកដល់ខ្សែចង្វាក់ផលិតកម្មស្រូវទុកគ្រាន់ជាមូលដ្ឋានក្នុងការកែលម្អ​គោល​នយោបាយស្រូវ-អង្កររបស់រាជរដ្ឋា​ភិបាលឲ្យមានការរីកចម្រើន ។

ក្នុងដំណើរទស្សនកិច្ចនោះលោករដ្ឋ មន្រ្តីបានលើកសំណើជូនរដ្ឋាភិបាលអូស្រ្តាលីជួយពិនិត្យពិចារណាលើកិច្ច សហប្រតិបត្តិការការងារបច្ចេកទេសទាក់ទងនឹងការរៀបចំធ្វើផែនការមេនៃការ រៀប​ចំផែនទីកំណត់តំបន់ដាំដុះ ការចាត់​ចំណាត​់ថ្នាក់ដី គុណភាពដី និងប្រភពទឹកឲ្យសមស្របតាមប្រភេទដំណាំ ។

ក្នុងការទទួលបានព័ត៌មានជាបឋម សម្រាប់គម្រោងនេះតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពង់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបាន រៀបចំក្រុមការងារនេះរួចជាស្រេចហើយដើម្បីអនុវត្តតាមផែនការ និងសង្ឃឹមថា រដ្ឋាភិបាលអូស្រ្តាលីតាមរយៈលោកស្រី ឯកអគ្គរាជទូតនឹងគាំទ្រគម្រោងនេះឲ្យ អស់លទ្ធភាព ។

ជាការឆ្លើយតបលោកស្រីបានសម្តែងទឹកចិត្តសប្បាយយរីករាយចំពោះដំណើរ ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីទៅកាន់ ប្រទេសអូស្រ្តាលីដែលទទួលបានលទ្ធ ផលជាផ្លែផ្កា។ លទ្ធផលនេះអាចជាបទ ពិសោធន៍សម្រាប់យកមកអភិវឌ្ឍវិស័យ កសិកម្មទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាការធ្វើទំនើបកម្មកសិកម្មក្នុងពេលអនាគត ពិសេសលើផលិតកម្មដំណាំស្រូវតាមរយៈគម្រោងវិនិយោគរបស់វិស័យឯកជននៅ កម្ពុជា ហើយលោកស្រីរំពឹងថាអង្គរកម្ពុជានឹងនាំទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី កាន់តែច្រើន ។

ក្នុងឱកាសនោះផងដែរ លោកស្រីបាន​ជម្រាប​ជូនថា រដ្ឋាភិបាលអូស្រ្តាលីបាន ទទួលសំណើរបស់លោករដ្ឋមន្រ្តី ហើយ​ បាននិងកំពុងពិនិត្យពិចារណាបន្ទាប់មក នឹងផ្តល់ចម្លើយជូនក្នុងពេលឆាប់ៗ ។ ទន្ទឹម​នឹងនេះផងដែរ លោកស្រីក៏បាន ជម្រាបជូនលោកបានជ្រាបផងដែរថា រដ្ឋាភ​ិបាលអូស្រ្តាលី នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងអូស្រ្តាលី អាស៊ាន និងវេទិកាដទៃទៀតនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយសង្ឃឹមថា នឹងមានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិ បត្តិការលើវិស័យកសិកម្ម និងពាណិជ្ជកម្ម រវាងអូស្រ្តាលី នឹងអាស៊ានផងដែរ ។

ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុង បរិយាកាសស្និទ្ធស្នាលយោគយល់គ្នាប្រកបដោយមិត្តភាពនិងសហប្រតិបត្តិការគ្នាខ្ពស់ ៕ ហេង សូរិយា