ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រដ្ឋមន្រ្តីក្រសួងកសិកម្មអនុញ្ញាតឲ្យក្រុមហ៊ុន JinYuTang Aquaculture (Cambodia) Co.,Ltd ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន JinYuTang Aquaculture (Cambodia) Co.,Ltd ចូលជួបពិភាក្សាការងារ និងបង្ហាញពីគម្រោងវិនិយោគវារីវប្បកម្ម ទឹកសាបនិងទឹកប្រៃទំនើបនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមានបំណង វិនិយោគគម្រោងវារីវប្បកម្មលើផ្ទៃដី ២៤០ ហិកតា ដែលមានទីតាំងស្ថិតនៅឃុំបឹង ព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងគម្រោងចិញ្ចឹមនិងភ្ញាស់នៅក្នុងសមុទ្រទឹកជ្រៅ ទំហំ២០០០ ហិកតា ស្ថិតនៅតំបន់កោះរ៉ុងសន្លឹម ខេត្ត ព្រះសីហនុ ។ គម្រោងវិនិយោគផ្តោត សំខាន់ទៅលើវារីវប្បកម្មផ្គត់ផ្គង់ចែកចាយ និងស្រាវជ្រាវនិងអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជាតាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ក្រុម ហ៊ុនបានគ្រោងវិនិយោគទឹកប្រាក់សរុប ប្រមាណ ១០០លានដុល្លារ ផ្តល់ឱកាស ការងារបាន៤៣០នាក់ ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងនិងរៀបចំបញ្ចប់ ការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា បន្ទាប់មកក្រុមហ៊ុននឹងរៀបចំផែនការមេ ហើយគ្រោង ដាក់ស្នើជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕ ហេង សូរិយា