ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ នៅទីស្តីការក្រសួងនារសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។

មានមតិស្វាគមន៍លោករដ្ឋមន្រ្តីក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយគាំទ្រផ្តល់ហិរញ្ញប្បទានលើវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត ។

ជាមួយគ្នានេះលោករដ្ឋមន្រ្តីក៏បាន ជម្រាបជូនភ្ញៀវដោយសង្ខេបពីការរីក ចម្រើនលើវិស័យកសិកម្មមានដូចជាផលិត កម្មស្រូវ ដំឡូងមី ស្វាយចន្ទី ផលិតកម្ម បន្លែនិងវិស័យវារីវប្បកម្មដែលទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ។

នាឱកាសនោះលោកRamesh Subramaniam បានសាទរចំពោះកំណើនសេដ្ឋ កិច្ចដែលរាជរដ្ឋាភិបាលសម្រេចបាននា បណ្តាឆ្នាំកន្លងមកក្នុងនោះវិស័យកសិកម្មដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៧ភាគរយ។ លោក Ramesh Subramaniam បានជម្រាបជូន​លោក​រដ្ឋ មន្រ្តីពីគោលបំណងរបស់លោកនាថ្ងៃនេះគឺស្នើសុំការគាំទ្រសហការនិងអនុសាសន៍សំខាន់ៗក្នុងការរៀបចំយុទ្ធសាស្រ្ត ភាពជាដៃគូថ្មីជាមួយប្រទេសកម្ពុជាដើម្បីអនុ វត្តគម្រោងនានាដែលទាក់ទងនឹងវិស័យ កសិកម្ម ជាពិសេសទាក់ទងទៅនឹងការ បម្រែប ម្រួលអាកាសធាតុ ការកែច្នៃវេចខ្ចប់ និងបង្កើនតម្លៃលើខ្សែចង្វាក់ផលិតកម្ម កសិកម្ម ។

ទាក់ទងនឹងផែនការយុទ្ធសាស្រ្តដែលបានលើកឡើងខាងលើ លោករដ្ឋមន្រ្តីបាន ស្នើសុំឲ្យលោក Ramesh Subramaniam គិតគូរពិចារណាលើចំណុចសំខាន់ៗមួយ ចំនួនដូចជា៖

ទី១-គួរបង្កើតក្រុមការងារមួយដែល មានសមាសភាពចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីសិក្សាស្វែងយល់ ពីគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានាជាសមាជិក GMS លើការគ្រប់គ្រងផលិតផលកសិកម្ម ការ កែច្នៃ ការវេចខ្ចប់ ការស្តុកទុក និង ការដឹក ជញ្ជូនឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ អន្តរជាតិ ។

ទី២-សិក្សាពីលទ្ធភាពលើការផ្តល់ឥណ​ទានដែលមានការប្រាក់ទាបដល់ប្រជា កសិករ និងវិស័យឯកជនដែលលទ្ធភាពធ្វើ​ការកែច្នៃកសិផលនិងជំរុញការអនុវត្តការធ្វើអនាម័យនិងភូតគាមអនាម័យជា​អាទិ​ភាព ។

ទី៣-ពិនិត្យលទ្ធភាពលើការកសាង ហេដ្ឋារចនាសម្ព័ន្ធនានាដែលទាក់ទងនឹងការកែច្នៃវេចខ្ចប់ ។

ទី៤-ជួយជំរុញការធ្វើ​ទំទើប​​កម្មកសិ​កម្ម ពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្មសមស្របទៅតាមលទ្ធភាពក្នុងខណៈដែលកម្លាំងពលកម្មក្នុងវិស័យកសិកម្មបា​ន និងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់ ។

ទី៥-ជួយជំរុញការងាររៀបចំផែនទី កំណត់តំបន់ដាំដុះឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ក្នុងការបង្កើនផលិតភាព ផលិតកម្មដោយការបង្កើនរដូវដំាដុះការ បង្កើនទិន្នផលតាមរយៈការជ្រើសរើសពូជឲ្យសមស្របតាមស្ថានភាពដី និងគុណ​ភាពដី ។

សំណើខាងលើដែលលោករដ្ឋមន្រ្តីបានលើកឡើង លោក Ramesh Subramaniam បានឯកភាពនិងគាំទ្រហើយខ្លួនលោកផ្ទាល់ និងសហការីនឹងយកទៅពិនិត្យពិចារណាបញ្ចូលក្នុងផែនការយុទ្ធសាស្រ្តភាព ជាដៃគូថ្មីក៏ដូចជាគម្រោងអភិវឌ្ឍន៍​វិស័យ កសិកម្មផ្សេងៗទៀតផងដែរ។ ចុងបញ្ចប់ នៃជំនួបពិភាក្សានេះលោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា ធនាគារអភិវឌ្ឍអាស៊ីនឹង បន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យ កសិកម្មឲ្យកាន់តែរីកចម្រើននាពេលអនាគតស្របតាមការប្រាថ្នាចង់បានរបស់ប្រមុខ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ។

កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលនិងសហប្រតិបត្តិការយ៉ាង ល្អប្រសើរដោយឈរលើគោលការណ៍រួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត ៕ សូរិយា