ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឱ្យអាមេរិកពិចារណាដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជាចូលទឹកដីអាមេរិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាក្នុងការដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជាចូលទឹកដីអាមេរិកបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបាន ផ្អាកចេញទិដ្ឋាការប្រភេទB1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការ បរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលក្រសួងការបរទេសចាប់ពីខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅ ។

សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន លើកឡើងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបាន ប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀងដែលភាគីទាំង២ បានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ ២០០៣កន្លងមក។ សម្តេចក្រឡាហោម ថាកម្ពុជាមិនដែលគេចវេះក្នុងការទទួល ពលរដ្ឋកម្ពុជាដែលអាមេរិកនឹងបញ្ជូនមកទេ ប៉ុន្តែអ្វីៗត្រូវឆ្លងកាត់ការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ។

ក្នុងជំនួបពិភាក្សាជាមួយលោក Carl Risch ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកកុងស៊ុល និងកិច្ចការអាស៊ីបូព៌ា ព្រមទាំងប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង មហាផ្ទៃសម្តេចក្រឡាហោម ស ខេង បាន បញ្ជាក់ថា អាមេរិកនឹងពិចារណាដកចេញសម្រាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជា ដែលសហរដ្ឋអាមេរិកដាក់កន្លងទៅ ។

ជុំវិញនៃការស្នើរបស់ភាគីកម្ពុជានេះ លោក Carl Risch មិនទាន់មានការឆ្លើយតប បែបណានោះទេ ដោយលោកបានលើក ឡើងថា បញ្ហានេះទុកលទ្ធភាពឱ្យក្រុមការងារភាគីទាំង២ពិនិត្យពិភាក្សាគ្នាបន្ថែម ទៀតដើម្បីស្វែងរកចំណុចរួម និងភាពមិន ចុះសម្រុងគ្នា និងបញ្ហាផ្សេងៗជុំវិញការ បញ្ជូនត្រឡប់ពលរដ្ឋកម្ពុជាដែលមានទោសនៅអាមេរិកមកកាន់កម្ពុជាវិញនេះ ។

សូមបញ្ជាក់ថា បើយោងតាមមាត្រា243 (d)ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិកនៅពេលទទួលបានសំណើពី រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មាន ប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះរដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបញ្ជាឱ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្ត្រីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបាន យល់ព្រមទទួលយកពលរដ្ឋរបស់គេវិញ ហើយ ៕ ហេង សូរិយា