ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត

ប្រទេសឡាវ៖ បន្ទាប់ពីបាន ធ្វើដំណើរដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវភ្លាម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ប៉ានី យ៉ាថទូ (PANY YATHOTUO) ប្រ​ធាន​រដ្ឋសភាឡាវ នៅមជ្ឈមណ្ឌលសន្និបាតជាតិរបស់ប្រទេសឡាវ។

លោកស្រី ប៉ានី យ៉ាថទូ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចប្រធានរដ្ឋសភានាឱកាសនេះ។ លោកស្រីបានគូសបញ្ជាក់ថា នេះជាមហាកិត្តិយសបំផុត ដែលសម្តេចចក្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសឡាវ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលមានជាយូរមកហើយ និង ជាប្រពៃណីនោះ កាន់តែរឹងមាំឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់លោកស្រី និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូរដ្ឋសភាកម្ពុជាយ៉ាងកក់ក្តៅ។ នៅក្នុងឱកាសនោះ តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​កម្ពុជា​ សម្តេចមានចិត្តរីករាយបំផុត និងសូមអបអរសាទរ និងវាយតម្លៃខ្ពស់​ចំពោះ​​ សមិទ្ធផលដ៏ធំធេង ដែលប្រជាជនឡាវសម្រេចបានក្នុងការ​កសាង និង​​​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ហើយជីវភាព​រស់នៅ​របស់ប្រជាជន ឡាវ កាន់តែប្រសើរឡើង​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស​ប្រជាជន​បដិវត្តឡាវ ដែលមាន​ លោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ លោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រី និងលោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងបន្តសំរេចបាននូវ​ជោគ​ជ័យ​ថ្មីៗ​ថែម​ទៀត ​​ក្នុងការ​ការពារ​ និង​អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅ​កាន់​ភាព​​សម្បូរណ៍​​​រុងរឿង​។ សម្តេចប្រធានរដ្ឋសភា និង លោកស្រី ប៉ានី យ៉ាថទូ បានសម្តែងក្តីរីករាយ នៅពេលឃើញចំណងមិត្តភាព និងកិច្ចសហប្រតិការរវាង ប្រទេសកម្ពុជា និងឡាវមានការរីកចម្រើនជាលំដាប់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៅក្នុងនោះថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។

ជាការកត់សម្គាល់ កាលពីឆ្នាំ២០១៦ លោកស្រី ប៉ានី យ៉ាថទូ បានដឹកនាំគណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់រដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែរ។ សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា “យើងខ្ញុំមានសេចក្តីរីករាយ ដែលក្នុងរយៈពេលជាង៤​អាណត្តិ​មកនេះ រដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ឡាវ បានធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ ក្នុង​ការផ្លាស់ប្តូរបទពិសោធន៍នៅលើការងារនីតិកម្ម ទាំងក្នុងកំរិត​ថ្នាក់​ដឹក​នាំស្ថាប័ន គណៈកម្ម​ការជំនាញ និងមន្រ្តីបច្ចេកទេស ​នៃ​អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ “ ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិជា​ប្រធានរដ្ឋសភា លោកស្រី ប៉ានី យ៉ាថទូ មិនត្រឹមតែខិតខំបន្តនូវមរតក នៃកិច្ច សហប្រតិបត្តិ​ការ​រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលមានស្រាប់ប៉ុណ្ណោះទេ តែ​លោកស្រីប្រធាន បានខិតខំជំរុញ និងលើកកម្ពស់ឲ្យទំនាក់​ទំនង និង កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ន​កំពូល​ប្រទេសទាំងពីរ​កាន់តែ​មាន​សន្ទុះខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើភាគីឡាវថា រដ្ឋសភាប្រទេសទាំងពីរ គប្បី​ពិចារណារួមគ្នាពិនិត្យ សិក្សា និងធ្វើ បច្ចុប្បន្នភាព ទៅលើកិច្ច​ព្រម​ព្រៀង​​(MOU) ដែលរដ្ឋសភាប្រទេសទំាងពីរបានធ្វើជាច្រើនឆ្នាំហើយនោះឡើងវិញ ក្រែងមាន​ចំណុច​​ខ្វះខាត​ណាដែល​ត្រូវ​​បំពេញបន្ថែម។

លោកស្រី ប៉ានី យ៉ាថទូ បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងពលីកម្មរបស់ សម្តេច ហេង សំរិន ដែលបានខិតខំជំរុញគំាទ្រ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកម្ពុជា-ឡាវ នៅគ្រប់កាលៈទេសៈ​រហូតមក។ លោកស្រីបាន លើកឡើងថា ការពិនិត្យពិចារណាក្នុងការសិក្សា កែសម្រួលនូវកិច្ច​ព្រមព្រៀង ដែលរដ្ឋសភាប្រទេសទាំងពីរ បានអនុវត្តកន្លង នៅពេលនេះ មានសារៈ សំខាន់ណាស់ ដើម្បីធ្វើយន្តការកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបចំពោះតម្រូវការជាក់ស្តែង។

លោកស្រី ប៉ានី យ៉ាថទូ បានជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀង រវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ក្នុងកម្រិតគណៈកម្មការជំនាញ និង អគ្គលេខាធិការដ្ឋាន។ ជាមួយគ្នានេះ រដ្ឋសភាឡាវបានស្នើដល់រដ្ឋសភាកម្ពុជា ជួយគាំទ្របេក្ខភាពរបស់ខ្លួន ជាអនុប្រធានសភានៃប្រទេសនិយាយ ភាសាបារំាង(APF) និងស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់តាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា ទទួលបន្ទុកកិច្ចការបរទេសចូលរួមប្រជុំ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នា​ខែសីហា ខាង​មុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើ និងសំណូមពររបស់ភាគីឡាវ​។ សម្តេចបានបង្ហាញការគំាទ្ររាល់ការសម្រេចចិត្ត ទំាងឡាយណា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដើម្បីបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកនោះ៕ ហេង សូរិយា