ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាបដិសេធចំពោះការលើកឡើងថាស្ថាប័នរដ្ឋមួយចំនួនបានរំលោភអភ័យឯកសិទ្ធិ សមាជិកសភា

ភ្នំពេញ ៖ រដ្ឋសភាបដិសេធការលើក ឡើងថា ស្ថាប័នរដ្ឋមួយចំនួនបានរំលោភ អភ័យឯកសិទ្ធិសភាចំនួន៤រូបហើយការ សម្រេចរបស់រដ្ឋសភាមិនគាបសង្កត់ពី ស្ថាប័នមួយណានោះឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បានសរសេរថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាល ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦បានបដិសេធ ទាំងស្រុងចំពោះការលើកឡើងមិនត្រឹមត្រូវ ដោយហេតុថា ការចោទប្រកាន់ថាស្ថាប័នជាតិមួយចំនួនកំពុងតែធ្វើសកម្មភាពរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់តំណាង រាស្ត្រនិងសមាជិកព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ជាក់ច្បាស់ ថាករណីទាំងនោះជាការប្រព្រឹត្តរបស់ បុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលតុលាការបាននិងកំពុងដោះស្រាយសំណុំរឿងនីមួយៗតាមច្បាប់ហើយបានរាយការណ៍មករដ្ឋសភាដើម្បីឲ្យសភាសម្រេចតាមបទប្បញ្ញតិ្តច្បាប់ ។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភាបន្តថា ករណីលោក សម រង្ស៊ី ជារឿងបុគ្គល ដែលបានប្រព្រឹត្តបទបរិហារកេរ្តិ៍បុគ្គល មួយទៀត ។ ចំណែកករណីលោក ហុង សុខហួរ, លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងចំនួន៣ គឺបទ ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ ឯកសារសាធារណៈក្លែង និងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលមានចែងមាត្រា៦២៩ មាត្រា ៦៣០ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ដោយឡែកករណីលោកកឹម សុខា ជាបទ ល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលមានចែង ក្នុងមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌបទ បដិសេធក្នុងការចូលខ្លួន ។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ រដ្ឋសភាបានទទួលញតិ្តពីតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិស្នើសុំឲ្យចាត់វិធានការបន្ទាន់ការពារអភ័យឯកសិទ្ធិសភា របស់លោក សម រង្ស៊ី អតីតតំណាងរាស្ត្រ មណ្ឌលកំពង់ចាម លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប លោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភា និង លោក កឹម សុខា តំណាងរាស្ត្រមណ្ឌល កំពង់ចាម ។ ញតិ្តនេះបានលើកឡើងថា ស្ថាប័នជាតិមួយចំនួនកំពុងធ្វើសកម្មភាព រំលោភលើអភ័យឯកសិទ្ធិសភាសមាជិក សភាទាំង៤រូប ៕ ហេង សូរិយា

រដ្ឋសភា