ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

រដ្ឋាភិបាលកូរ៉េខាងត្បូងដឹកនាំដោយលោក មូន ជេអីុនបានសម្រេច ដាក់ទណ្ឌកម្មដាច់ដោយឡែកផ្សេងទៀតទៅលើកូរ៉េខាងជើង។ នេះគឺជាបញ្ជីទណ្ឌកម្មដាច់ ដោយឡែកទី២ហើយ ដែលកូរ៉េខាងត្បូង បានសម្រេចដាក់ទៅលើកូរ៉េខាងជើង ក្នុង រយៈពេល១ខែចុងក្រោយនេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ដែលបានស្រង់សម្ដី របស់មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះ គឺសំដៅទៅលើក្រុមហ៊ុនសហគ្រាសកូរ៉េខាងជើង ប្រមាណជា២០ ដែលក្នុងនោះមានភាគច្រើនជាធនាគារ។ ក្រៅពីនោះ នៅមានមនុស្សប្រមាណ១២ នាក់ ដែលភាគជ្រើនជាថៅកែធនាគារជនជាតិកូរ៉េខាងជើង ដែលនឹងត្រូវជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅ។

NKD-36x6_outline

ទណ្ឌកម្មនេះ ក៏បានហាមឃាត់ ក្រុម ហ៊ុន ឬក៏អ្នកជំនួញកូរ៉េខាងត្បូងទាំងអស់ មិនឲ្យទាក់ទង រកស៊ីជាមួយក្រុមហ៊ុន កូរ៉េខាងជើង ឬបុគ្គលដែលជាប់ក្នុងបញ្ជី ទណ្ឌកម្មនេះទេ។ ទីភ្នាក់ងារ ព័ត៌មានផ្លូវការកូរ៉េខាងត្បូងដដែល បានបញ្ជាក់ថា ក្រុមហ៊ុន ឬសហគ្រាស ព្រមទាំងបុគ្គល ដែលជាប់ក្នុងបញ្ជីខ្មៅនេះ សុទ្ធតែជាអ្នកដែលបានចូលរួមដោយផ្ទាល់ឬដោយ ប្រយោល ក្នុងការផ្គត់ផ្គង់សម្ភារ និង ប្រភពថវិកាទៅឲ្យកូរ៉េខាងជើង ដើម្បី យកទៅផលិតអាវុធនុយក្លេអ៊ែរ។ ក្រុមហ៊ុន ឬមនុស្សទាំងនោះខ្លះ ក៏បានចូលរួម ក្នុង ជំនួញផ្លូវងងឹត គេចវេះពីទណ្ឌកម្មអន្តរ ជាតិទៀតផង។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ លោក Jeffrey Feltman អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ បានទៅដល់កូរ៉េ ខាងជើង រយៈពេល៥ថ្ងៃ ដើម្បីស្ទង់កម្ដៅ និងព្យាយាមបើកផ្លូវចរចា។ ពេលត្រលប់ មកវិញ លោកបានអំពាវនាវថា ការប្រឈម​​ មុខដាក់គ្នាដោយអាវុធ គឺជារឿងធ្ងន់ធ្ងរ បំផុត ហើយត្រូវតែចៀសវាង ឲ្យខាង តែបាន។ ភាគីទាំងអស់ មិនគួររុញច្រាន ឬបង្ខំឲ្យកូរ៉េខាងជើងទ័លច្រកឡើយ៕ ម៉ែវ សាធី