ព័ត៌មានទាន់ហេតុការណ៍៖

រត់គេចខ្លួនបាន៣ថ្ងៃបន្ទាប់ពីសម្លាប់បុរសវ័យចំណាស់ទម្លាក់ទឹកស្រះត្រូវនគរបាល ខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ប៉ោយប៉ែត៖ បុរសម្នាក់រត់គេចខ្លួន៣ថ្ងៃ បន្ទាប់ពីវាយបុរសម្នាក់ទម្លាក់ទឹកស្រះ ត្រូវកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យមានឈ្មោះអ៊ីវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅក្នុងភូមិកើតហេតុ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ មានប្រសាសន៏ថា ក្រោយពេលស្រាវជ្រាវសាច់ញាតិ និងគ្រួសាររងគ្រោះបានឲ្យដឹងថា គឺជនរងគ្រោះចេញពីផ្ទះទៅផឹកស៊ីរោងការអ្នកជិតខាង ក្នុងភូមិនៅម៉ោង៦ល្ងាច កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ម៉ោង១១យប់ មិនឃើញមកផ្ទះ តាមទៅរកនៅកន្លែងរោងការ តែអ្នកនៅទីនោះប្រាប់ថា ចេញទៅផ្ទះហើយ ទើបត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទើបទទួលព័ត៌មានប្រទះឃើញសាកសពប្តីនៅក្នុងស្រះទឹកត្រូវគេសម្លាប់ទំលាក់ទឹកស្រះ ។

លោកបញ្ជាក់ថា លុះនៅព្រឹកថ្ងៃកើតហេតុ លោកកំណត់មុខសញ្ញារហូតឈានទៅដល់ឃាត់ខ្លួនឃាតកដៃដល់ម្នាក់ខាងលើ ឈ្មោះ អ៊ីវ ប៊ុនម៉ៅតែម្ដង ។ ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា គឺខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតមែន ដោយជនរងគ្រោះផឹកស៊ីស្រវឹងនៅរោងការទំនាស់ពាក្យសំដីហើយបានវាយ និងឡើងជង្គង់លើខ្លួន ទើបខឹងហើយលួងលោមបបួល និងជូនទៅផ្ទះចេញពីរោងការបានប្រមាណជិត២០០ម៉ែត្រយប់ស្ងាត់ បានកាច់មែកដើមចាន់គីរីក្បែរផ្លូវប៉ុនកដៃ វាយទៅលើជនរងគ្រោះបណ្តាលដួលសន្លប់ហើយអូសទម្លាក់ទឹកស្រះ ទើបបណ្តាលឲ្យស្លាប់ហើយគេត្រឡប់ទៅរោងការវិញ ។

លោកបានបញ្ជាក់ថា ដោយយោងតាមចម្លើយសារភាព និងវត្ថុតាងធ្វើឃាតកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ កង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី បានជិះម៉ូតូទៅចូលរួមពិធីមង្គលការបងប្អូន នៅក្នុងភូមិជាមួយគ្នាចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១គីឡូម៉ែត្រហើយត្រូវឃាតកខាងលើបានវាយសម្លាប់អូសទម្លាក់ទឹកស្រះ អំឡុងម៉ោង១១យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ឋិតក្នុងភូមិកើតហេតុខាងលើ ៕ វណ្ណា