ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុកម៉ូតូបណ្ដាលឲ្យដួលបោកទៅលើផ្លូវត្រូវរថយន្ដមួយគ្រឿងទៀតកិនបន្ថែមធ្វើឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាលៈ រថយន្ដម៉ាកSTAREXមួយគ្រឿងបើកដល់ចំណុចផ្លូវបែកជាបួនមិនមានការប្រុងប្រយ័ត្ន បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹងដួលបោកទៅលើផ្លូវ ហើយត្រូវរថយន្ដមួយគ្រឿងទៀតបើកបុក និងកិនបន្ថែម ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម រីឯអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងបុរសជនជាតិចិនជាអ្នកបើកបរថយន្ដSTAREX និងបុរសម្នាក់ទៀតជាអ្នកបើកបរកាមរីបាឡែន ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជៈស្រីម៉ុម លើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សំ គាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជើងកើប ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4870 និងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់នោះ ទី១-ឈ្មោះ អាត ភេទប្រុស អាយុ២៤ ទី២-ឈ្មោះ សុខ វី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិគោកធ្លក ឃុំបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវជាមួយគ្នា ។

ប្រភពដដែលបន្ដថា បុរសជនជាតិចិដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ XIAO JUN ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-1037 ។ ម្នាក់ទៀតឈ្មោះ លឹម លីហួរ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ទមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ដម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AM-6965 ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកSTAREXបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន រួចបើកបត់ស្ដាំ ឡើងលើកំណាត់ផ្លូវជាតិលេខ២១បេ ឆ្ពោះទៅទិសខាងជើង ខណៈបានជ្រុលទៅប៉ះជាមួយម៉ូតូម៉ាកហុងដាឌ្រីម ដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យម៉ូតូដួលខ្ទាតទៅលើផ្លូវ ហើយត្រូវបានរថយ្ដម៉ាកកាមរីបាឡែន ដែលកំពុងបើកបរច្រាស់ទិសគ្នាបុក និងកិនបន្ថែម បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅបានចុះទៅអន្ដរាគមន៍ បញ្ជូនជនរងគ្រោះរងរបួសធ្ងន់២នាក់ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរថយន្ដទាំង២នាក់ និងរថយន្ដទាំង២គ្រឿងព្រមទាំងម៉ូតូរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅលំនៅដ្ឋានឯខេត្ដតាកែវតាមប្រពៃណី ៕ ស្អាងជ័យ