ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដយីឌុបបើកកៀរម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តកិន អូសជាង១០០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តយីឌុបមួយគ្រឿង បើកកៀរម៉ូតូបុរសនេះឲ្យដួល ហើយកិនអូស បើករត់បានប្រមាណ១០០ម៉ែត្រ ទើបប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនាវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃ សុក្រ ៨ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររកត្រី មានស្រុកកំណើតនៅភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្លាប់ដោយសាររថយន្តកិនចំទ្រូងអូសប្រហែល១០០ម៉ែត្រ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តយីឌុបម៉ាក ហ្វុយស៊ូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1898 បើកដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានកៀរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-9956 បើកដោយបុរសរងគ្រោះកំពុងបើកស្របគ្នានៅខាងមុខ បណ្ដាលឲ្យដួលខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់ហើយរថយន្តមិនឈប់នោះទេ បែរជាព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះនាំគ្នាប្រដេញពីក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថិច្ចនគរបាលប៉ុស្តិ៍ចោមចៅ២។

ក្រោយកើតហេតុ សមត្ថិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ ទំនាក់ទំនងទៅជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សុខាសែនជ័យ