ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបុកម៉ូតូរ៉ឺម៉កកង់បីរបួសធ្ងន់ស្រាល២នាក់ទាំងកណ្ដាលអធ្រាត្រ

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បណ្ដាលឲ្យប្រុស ស្រី២នាក់ រងរបួស ខណៈដែលរថយន្តកាមរីឆ្លាមប្រើប្រាស់ល្បឿនលឿនជ្រុលចង្កូតទៅបុកនឹងម៉ូតូរ៉ឺម៉កស្របទិសគ្នាពេញទំហឹង លាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសរងគ្រោះដែលបើកម៉ូតូរ៉ឺម៉កមានឈ្មោះ កឺក អាយុ៣៥ឆ្នាំ មុខរបរ ដឹកបន្លែ បច្ចុប្បន្នរស់នៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ឈ្មោះ ហីង ភេទ​ស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់បន្លែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ រត់គេចខ្លួនបន្សល់តែរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាក​លេខ ភ្នំពេញ 2D-8746 ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានបុរសម្នាក់បានបើកបរម៉ូតូរ៉ឺម៉កកង់បី ដោយបានឌុបស្ត្រីម្នាក់ ខណៈមានបន្លែពេញធ្វើដំណើរពីលិចមកកើតលើ ចំណុចលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាក​លេខ ភ្នំពេញ 2D-8746 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ មកពីក្រោយស្របទិសគ្នា ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ និងអ្នកបើករ៉ឺម៉ក និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល។

ក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមធ្វើឲ្យអ្នកបើករថយន្តភ័យចេញពីក្នុងរថយន្តរត់គេចខ្លួនភ្លាមៗបាត់ស្រមោល។

ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើកំណត់ហេតុវាស់វែង ហើយរថយន្តនិងរ៉ឺម៉កម៉ូតូកង់បីអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ យឹម សុថាន