ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមេរីឆ្លាមមួយគ្រឿងបុកម៉ូតូម៉ាកនិចគាបជាប់ក្រោមរថយន្តបណ្តាលឲ្យឆេះម៉ូតូ និងរងរបួធ្ងន់២នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមេរីឆ្លាមមួយគ្រឿង បើកបត់ក្នុងល្បឿនលឿន ស្រាប់តែមានម៉ូតូម៉ាកនិចមួយគ្រឿង បុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ ផ្លោងរងរបួសធ្ងន់ទាំង២នាក់ហើយឆេះម៉ូតូផងដែរ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ម៉ៅសេទុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ចំណុចស្តុបចំការមន) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-9761 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង បម្រុងបត់ទៅលិច ស្រាប់តែមានម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BW-2938 បើកតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកបុករថយន្តកំពុងតែបត់យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូគាបជាប់ក្រោមរថយន្តហើយឆាបឆេះម៉ូតូទៀត បានបងប្អូនប្រជាពលរដ្ឋទាញចេញយកទឹកចាក់បានរលត់ រីឯមនុស្សផ្លោងចេញពីកន្លែងកើតហេតុប្រហែលជា២០ម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់ក្នុងនោះមានស្រីម្នាក់ប្រុសម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យកាល់ម៉ែត ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែង និងស្ទូចរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ