ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឡានកុងតឺន័រគេចពីរថយន្ត១គ្រឿងហើយចូលផ្លូវម៉ូតូបុកស្លាប់ប្រុស ស្រី៣នាក់ និងក្មេងម្នាក់របួសធ្ងន់

ភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឲ្យមនុស្សយ៉ាងតិច៣នាក់បាត់បង់ជីវិតមួយតែមួយប៉ព្រិចភ្នែក ហើយជនបើកបរឡានបង្កបានរត់គេចខ្លួនបាត់ស្រមោល។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុ ឡានកុងតឺន័រធ្វើដំណើរដោយគេចពីរថយន្តមួយគ្រឿង ហើយជ្រុលចូលទៅផ្លូវម៉ូតូបុកប្រ៉ាវតែម្តង ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ហើយពិនិតឃើញថា មនុស្សប្រុសស្រី ដែលមិនទាន់ស្គាល់អត្តសញ្ញាណ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលក្មេងម្នាក់ទៀតរងរបួសធ្ងន់ ។ រីឯជនបើកឡានកុងតឺន័របង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រជាពលរដ្ឋដែលមើលឃើញហេតុការណ៍ដ៏សោកសៅនេះបានសំណូមពរដល់ប្រព័ន្ធច្បាប់មេត្តាដាក់ទោសទណ្ឌចំពោះជនបង្កគ្រោះថ្នាក់ស្លាប់មនុស្សរហូតដល់៣នាក់នេះឲ្យបានកម្រិតធ្ងន់ផង នៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ៕ ជីម ភារ៉ាដង្កោ