ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុករះម៉ូតូនគរបាលខណ្ឌពោធិ៍សែនជ័យនិងរ៉ឺម៉ក២គ្រឿង

ភ្នំពេញ ៖ នគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿង ដឹកស៊ីម៉ត៍ពេញបឹប របស់ក្រុមហ៊ុន «TR» បើកបរ លឿន ចាប់ហ្វ្រាំងមិនស៊ីបានជ្រុល បុករះ កិនជាប់ក្រោមរថយន្តនិងបន្តទៅបុកម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿងទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង១១និង០០នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាមន្ត្រីនគរបាលមានឈ្មោ សូ សំអូន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ ស៊េរី ២០០៨ ពណ៌ខ្មៅ ស្លាកលេខដាច់បាត់ ក្រោយកើតហេតុ។

តាមសាក្សីឃើញហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីនគរបាលរួមនឹងអ្នកដំណើរផ្សេងទៀត ធ្វើដំណើរតាមផ្លូវវេងស្រេងឆ្ពោះមករង្វង់មូលចោមចៅ រួចបានឈប់រង់ចាំ សមត្ថកិច្ចសម្រួលចរាចរណ៍ទៅមក ។

ប្រភពដដែលបានបន្តថា ភ្លាមនោះស្រាប់តែមានរថយន្តសណ្តោងរ៉ឺម៉កម៉ាក មិតស៊ុយប៊ីស៊ី ពណ៌ក្រហម ពាក់ស្លាកលេខ 3A-1446 បើកមកពីក្រោយ បានបុកម៉ូតូរបស់នគរបាលរូបនោះ ហើយបន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿងទៀត តែមិនមានអ្នករងរបួស របួសតែនគរបាលបាក់ដៃឆ្វេង និងដាច់ពោះ រីឯម៉ូតូកិនជាប់ក្រោមក្បាលរថយន្ត ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង មាន១គ្រឿងខូចខាតច្រើន ១គ្រឿងទៀតតិចតួច ពុំទារសំណង បើកចេញទៅបាត់ទៅ។

ដោយឡែកអ្នកបើកបររថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍នៅគោលដៅនោះ និងប្រជាពលរដ្ធរត់ដេញចាប់ឃាត់ខ្លួនបាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ទុកឲ្យជំនាញចរាចរណ៍ខណ្ឌ។

ក្រោយកើតហេតុ ជនរងគ្រោះមន្ត្រីនគរបាល ត្រូវបាន ក្រុមសង្គ្រោះបន្ទាន់៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះម៉ូតូណ្តោងកង់បី ត្រូវបាននគរបាលចរាចរណ៍ខណ្ឌវាស់វែងយកទៅទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ដើម្បីរង់ចាំការដោះស្រាយជូនជនរងគ្រោះ ៕ សុខាសែនជ័យ