ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ​បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័រ បើកមកបុកពេញទំហឹងកាលពីវេលាម៉ោង២រសៀល ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះសែន យ៉ត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកំណើតនៅភូមិត្រសសាលា ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនរងគ្រោះជិះម៉ូតូម៉ាក zoomerx ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GH 5129 ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 3671 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ក៏រេចង្កូតមកបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញមកស្ទូចរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សុខាសែនជ័យ