ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនអានកូ បុកជាមួយម៉ូតូសង់ប៊ីច បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅកណ្ដាលផ្លូវលេខ៣៧១យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគាត់ជិះម៉ូតូទៅបុកជាមួយរថយន្តកុងតឺន័រជារបស់ក្រុមហ៊ុនអានកូ ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង កាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរប: បើកបររថយន្ត ស្រុកកំណើត ភូមិប្រាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នកជិះម៉ូតូម៉ាក សង់ប៊ីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-1500 ។ ចំណែកតៃកុងមានឈ្មោះ សិន សុធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្រុកកំណើត ភូមិតាំងក្រសាំង ឃុំបឹង ស្រុកបាធាយ ខេត្តកំពង់ធំ បានបើករថយន្តម៉ាក DONGFENG ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7248 ជាប្រភេទរថយន្តសណ្តោង កន្ទុយក្រាយពាក់ស្លាកលេខ ព្រះសីហនុ 4A-1249 (ជារបស់ក្រុមហ៊ុនអានកូ) ។

តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តបើកពីលិចទៅកើតតាមបណ្ដោយផ្លូវលេខ៣៧១ ចំណែកម៉ូតូបើកពីកើតទៅលិចទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតលឺសូរប្រ៉ាវស្រាប់តែឃើញម៉ូតូ និងម្ចាស់ដេកក្រោមរថយន្តស្លាប់បាត់ទៅហើយ ។ ក្រោយកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅក្បែរនោះក៏បាននាំគ្នាឃាត់តៃកុងរថយន្តប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន២ដែលចុះទៅដល់កន្លែងកើតហេតុមុនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វើរបាយការណ៍ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ