ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតៃន័រមួយគ្រឿងត្រូវបានគេប្រទះឃើញចតចោល៥ថ្ងៃហើយរកម្ចាស់មិនឃើញ

ភ្នំពេញ ៖ប្រជាពលរដ្ឋបានប្រទះឃើញ រថយន្តកុងតៃន័រមួយគ្រឿង ម៉ាក DAEWOO មួយគ្រឿងចតចោលចំនួន៥ថ្ងៃកន្លងមកហើយ ដែលគេយកមកផ្លុងចោល នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនលក់គ្រឿងចក្រ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រកម្ចាស់មិនឃើញនៅល្ងាចថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ខាងសន្តិសុខក្រុមហ៊ុន លក់គ្រឿងចក្រ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវរកម្ចាស់ ។

តាមសន្តិសុខយាមប្រចាំនៅក្រុមហ៊ុនលក់គ្រឿងចក្រ បានឲ្យដឹងថា រថយន្តមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2775 ខាងលើឃើញបើកយកមក ចតទុកចោលលើផ្លូវបេតុងជាប់សួន ចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ អ្នកបើកបរក្រោយពីឈប់រថយន្តហើយ សូម្បីតែកញ្ចក់ទ្វារមិនបិទផង ហើយដើរចាកចេញទៅបាត់ រងចាំម្ចាស់មកយកវិញ មួយថ្ងៃបាត់ ២ថ្ងៃបាត់ រហូតមកដល់ល្ងាចថ្ងៃនេះទៅហើយ នៅតែមិនឃើញម្ចាស់មកយករថយន្តចេញទៀត ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវរកម្ចាស់ ៕ សុខាសែនជ័យ