ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន KCM បុកម៉ូតូហុងដាស្លាប់បុរសម្នាក់

ខេត្តកែប៖ បុរសម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បុកនិងកិនស្លាប់យ៉ាងអាណោចអាធ័មកាលពីម៉ោង ៦ព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៨នៅ លើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខសាលាសង្កាត់ព្រៃធំ ស្ថិតក្នុងភូមិ ព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

នគរបាលចរាចរក្រុងកែប បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឃួន សុខុន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិសង្កាត់ កន្លែងកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុង បើកបរម៉ូតូម្នាក់ឯង ម៉ាកហុដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កំពត 1L-0626 ។ រីឯអ្នកបើកបរ រថយន្តបង្ក ឈ្មោះ ឆាន សុភាព ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បើករថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុន KCMម៉ាក HiNO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8873 ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុន KCM បើកបរតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុល ទៅបុកម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅក្រោមរថយន្តតែម្តង ក្នុងទិសបញ្ជ្រាស់គ្នា ។ ក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យវាស់វែងរួចឃាត់ខ្លួនអ្នកបើកបររថយន្តនិង បានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ។រីឯរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ នាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកែប រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕ សហការី