ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកក្រុមអង្គការជួយកុមារកំព្រា ក្រឡាប់ធ្លាក់ពីផ្លូវ ស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១០នាក់

ខេត្តតាកែវ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងដោយរថយន្ត ក្រុងដឹកសមាជិកអង្គការក្រៅរដ្ឋាភិបាលមួយទៅជួយប្រជាពលរដ្ឋនៅខេត្តតាកែវ បានរេចង្កូតទៅបុកដើមស្វាយ បណ្ដាលឲ្យក្រឡាប់ធ្លាក់ពីផ្លូវស្លាប់មនុស្ស៤នាក់និងរបួសធ្ងន់ស្រាល១០នាក់ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងនៅរសៀល ថ្ងៃ សុក្រ ១០ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្រី្តនគរបាល ស្រុកត្រាំកក់បានឲ្យដឹងថា រថយន្ដក្រុងនេះផ្ទុកមនុស្សសរុបចំនួន១៥នាក់ ដោយធ្វើដំណើរមកពីខេត្តកែប កាត់ខេត្តកំពតនិង តាកែវ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅបុកដើមស្វាយនៅខាងស្ដាំដៃពេញទំហឹងបណ្តាលឲ្យក្រឡាប់តែម្តង។

ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយខ្លួនបណ្ដាលឲ្យជនរងគ្រោះ៤នាក់ស្លាប់ ក្នុងនោះមានស្ដ្រីជនជាតិអូស្ដ្រាលីម្នាក់ និងរងរបួសធ្ងន់៧នាក់ របួសស្រាល៣នាក់។ ដោយឡែកអ្នកបើកបរបានរត់គេចខ្លួនបានស្រមោល ពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែជនរងគ្រោះ និងរថយន្ដនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរដែនដីបានទៅដល់ ដឹកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសពទាំង៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញទាក់ទងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ដត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សហការី