ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើរបើកបុកម៉ូតូពីក្រោយកិនយុវជនម្នាក់ស្លាប់នៅលើស្ពាន៥មករា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីក្រោយ រួចកិនពីលើ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាស៥មករាខាងលិច ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)មានឈ្មោះឆៀម ធារ៉ា អាយុ២១ឆ្នាំ រស់នៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពត៌មាននៅកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុនឯកជនស៊ុន លីប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ៣៥កៅអីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ3B-7920 បើករបរដោយបុរសម្នាក់ ឈ្មោះស៊ឺ សំបូរ អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅលើរថយន្ត ម្តុំផ្ទះលោក ជាសុផារ៉ា តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណឫស្សីកែវ មានស្រុកកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរៀប បានបើកចេញពីម្តុំក្តាន់ពីរបំណង ទៅយកភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយធ្វើដំណើតាមបណ្តោយផ្លូវសហព័ទ្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុក ម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GX-7165 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា ពីក្រោយបណ្តាលឲ្យកិនចំក្បាលធ្លាយខួលស្លាប់នៅនឹងកន្លែង។

ភ្លាមៗនោះរថយន្តបង្កបានព្យាយាម បើករត់គេចខ្លួន បានប្រមាណជាង១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានមកវិញ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាគ្នាទៅពេលក្រោយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យប្រពៃណី ៕ ជ្រោយពេជ្រ