ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឈ្នួល បុកម៉ូតូស្លាប់បុរសម្នាក់ រួចបើកគេចបាត់

ខេត្តកំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តVIP មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2904 បានបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់គ្មានស្លាកលេខ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃ អាទិត្យ ៤ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលស្រុករលាប្អៀរបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ ត្រូវរថយន្ត VIP មួយគ្រឿង បើកបុកម៉ូតូទាំងកំរោល បណ្តាល ឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ពេលធ្វើដំណើរស្របទិសគ្នា ហើយរថយន្តគេចខ្លួនបាត់ ៕ សហការី